(ភ្នំពេញ)៖ ក្រោយពីទទួលបណ្ដឹងពីម្ចាស់រថយន្តជិត១០នាក់ ដែលត្រូវចោរគាស់យកស្លាកលេខទៅបាត់អស់នោះនៅវេលាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដឹកនាំដោយលោកលោក ម៉ន វុធី អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការស្រាវជ្រាវលើករណីនេះដល់ទីតាំងកន្លែងដែលកើតនៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២។

លោក ម៉ន វុធី បានភ្នាក់ងារព័ត៌មាន Fresh News ថា ពិតជាមានករណីចោរលួចដោះស្លាកលេខរថយន្តជិត១០គ្រឿងក្នុងពេលតែ១យប់មែន។ នៅពេលទទួលបានព័ត៌មាន និងមានពាក្យបណ្ដឹងពីជនរងគ្រោះដែលជាម្ចាស់រថយន្ត លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវដោយផ្ទាល់ ដោយសហការពីកងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

លោកអធិការ បានប្រាប់ឲ្យដឹងបន្តទៀត ទោះបីជាបែបណាកម្លាំងនគរបាល នឹងខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់មុខសញ្ញាព្រមទាំងតាមចាប់ខ្លួនក្រុមចោរទាំងនោះឲ្យខានតែបាននៅក្នុងពេលឆាប់ៗនេះ ដោយមិនទុកឲ្យរួចខ្លួនដោយស្រួលៗ ហើយដើរធ្វើសកម្មភាពបែបនេះបន្តទៀតនោះឡើយ។

សូមរម្លឹកថា ជនរងគ្រោះជាច្រើនគ្រួសារដែលរស់នៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) ដែលស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា រថយន្តរបស់ពួកគាត់ត្រូវបានក្រុមចោរលូចគាស់យកផ្លាកលេខអស់៧គ្រឿង ក្នុងពេលតែមួយ។

ប្រជាជនរងគ្រោះបានឲ្យដឹង នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះថា ក្នុងនោះមានរថយន្ត Lexus 470 ១គ្រឿង, រថយន្ត Lexus 330 ១គ្រឿង, រថយន្តព្រូស៣គ្រឿង, រថយន្តតាកូម៉ា១គ្រឿង និងរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀត ត្រូវបានក្រុមចោរចូលលួចគាស់យកផ្លាកលេខរថយន្តមិនដឹងតាំងពីពេលណានោះទេ ខណៈព្រឹកឡើងទើបប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោរឿងបាត់ផ្លាកលេខរថយន្តតែម្តង។

ជនរងគ្រោះ បានបញ្ជាក់ថា រថយន្តពួកគេក្រុមចោរបានគាស់យកផ្លាកលេខទាំងខាងមុខទាំងខាងក្រោយ ដោយរថយន្តទាំងនោះបានចតទុកនៅពីមុខផ្ទះរបស់ពួកគាត់ជារៀងរាល់ថ្ងៃ ហើយនៅក្នុង «បុរី ឌីអរេស៊ីដេន» នេះគឺមិនមានសន្តិសុខយាមកាមអ្វីនោះឡើយ ដែលជាហេតុធ្វើក្រុមចោរទាំងនោះឆ្លៀតឱកាសលួចគាស់យកផ្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋទៅបាត់ដោយងាយស្រួលបែបនេះ។

ជនរងគ្រោះបានពោលពាក្យទាំងទឹកមុខមិនរីករាយថា គាត់ពិតជាមានការសោកស្តាយខ្លាំងណាស់ ព្រោះពេលនេះសមត្ថកិច្ចកំពុងរឹតបន្តឹងទៅលើរថយន្តអត់ពន្ធ ហើយរថយន្តដែលអត់ផ្លាកលេខ គឺមិនអាចបានធ្វើដំណើរចរាចរណ៍នៅតាមដងផ្លូវបានទេ លុះត្រាណាតែយើងស្នើសុំធ្វើផ្លាកលេខថ្មីជាមុនសិន៕