(ក្រចេះ)៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានជំរុញឲ្យអាជ្ញាធរខេត្ដ ពន្លឿនការងារសម្របសម្រួល ចុះដោះស្រាយបញ្ហាទំនាស់ដីធ្លី ឲ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សជូនប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ដី្រ ក៏បានលើកឡើងបន្ថែមទៀត ក្នុងឱកាសបើកកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ ការទប់ស្កាត់ និងដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅសាលាខេត្តក្រចេះថា លោកសូមជំរុញដល់អាជ្ញាធរខេត្ត មន្ទីរជំនាញ ត្រូវពង្រឹងកិច្ចសហការឲ្យកាន់តែស្អិតរមួត ជាមួយបណ្ដាស្ថាប័ន និងមន្ទីរពាក់ព័ន្ធនានា ធ្វើយ៉ាងណាដើម្បីដោះស្រាយ នូវបញ្ហាដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកក៏បានកោតសរសើ នូវរាល់សមិទ្ធផលនានា ដែលជាស្នាដៃខេត្តសម្រេចបានគួរជាទីមោទនៈ ដោយមានអាជ្ញាធរខេត្ត ព្រមទាំងស្ថាប័ន មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដែលបានសហការគ្នាខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការបំបេញភារកិច្ច អនុវត្តតាមបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការចុះវាស់វែងដីធ្លី និងជួយដោះស្រាយបញ្ហាជំលោះដីធ្លីជូនប្រជាពលរដ្ឋនាពេលកន្លងមក។

លោកអភិបាលខេត្ត សរ ចំរុង បានថ្លែងឲ្យដឹងថា ក្នុងការអនុវត្តតាមបទបញ្ជាលេខ០១ បបរបស់រាជរដ្ឋាភិបាល គោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ក្នុងខេត្តក្រចេះ មានផែនការវាស់វែងលើផ្ទៃដីពាក់ព័ន្ធនៅក្នុងស្រុក៥ ឃុំ៣៦ ប៉ះពាល់ប្រជាពលរដ្ឋ ៤៣.២២៣គ្រួសារ លើផ្ទៃដីទំហំ ១២៨.៥៣៩ ហិចតា។

លោកបន្ថែមថា ដោយឡែកសម្រេចបាន ប្រកាសតំបន់វិនិច្ឆ័យចំនួន ១៩ឃុំ វាស់បាន៤២,២៨៧ក្បាលដី ទំហំ១០១,៨២៩.៨២ ហិចតា ក្នុងនោះចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរួច មានចំនួន ២៤,៨៩៣គ្រួសារ ស្មើនឹង៣៩,០៨២ប័ណ្ណ ស្មើនឹងផ្ទៃដីទំហំ១០០,៨២៨.៤៤ ហិកតា ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចចំនួន១៩ ក្រុមហ៊ុន លើផ្ទៃដី៨៩,៦២៨.៥៦ ហិកតា ដីព្រៃសម្បទានទំហំ ២២,០២៧ ហិកតា ដីដិការដកហូត ៦.៤៤០ ហិកតា ដីគម្របព្រៃឈើឆ្នាំ២០០២ មាន ១០,៣៨១,១៣ ហិកតា និងដីសម្បទានសង្គមកិច្ចទំហំ ៥.៧៦៥ ហិកតា ដែលកាត់បន្ថយបញ្ហាទំនាស់ដីធ្លី បានប្រមាណ៨០ភាគរយ៕