(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចង់ឲ្យខាង Foodpanda បង្កើតភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារសម្រាប់យុវជន។

ការណ៍នេះត្រូវបានលើកឡើងនាឱកាសលោករដ្ឋមន្ត្រី អ៉ិត សំហេង ជួបពិភាក្សាជាមួយលោក Patrice Vignes នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (Foodpanda) នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

នាឱកាសនោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានបង្ហាញពីបំណងចង់ឲ្យក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (Foodpanda) បង្កើតភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការបង្កើតជាមេរៀនបង្រៀនក្នុងរយៈពេលខ្លី និងមធ្យម និងបណ្តុះបណ្តាលជំនាញទន់ថែមទៀតក្នុងការទំនាក់ទំនងជាមួយអតិថិជន។

លោកគូសបញ្ជាក់ថា «យើងអាចធ្វើកិច្ចព្រមព្រៀងលើអនុស្សរណៈរួមគ្នាថា តើក្រសួងអាចជួយអ្វីខ្លះទៅដល់ក្រុមហ៊ុនបាន នឹងក្លាយជាដៃគូសហការដ៏ជិតស្និទ្ធជាមួយគ្នានាពេលអនាគត»

លោកនាយគ្រប់គ្រង Patrice Vignes ពិតជារីករាយខ្លាំងណាស់ដែលបានធ្វើការជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលលើកិច្ចការអាទិភាពមួយចំនួននេះ ដែលអាចនិយាយបានថា កិច្ចសហការនេះនឹងផ្តល់ផលប្រយោជន៍ដល់បុគ្គលិករបស់ក្រុមហ៊ុនផង និងភាពរីកចម្រើនរបស់ក្រុមហ៊ុនថែមទៀត និងពេញចិត្តចុះកិច្ចព្រមព្រៀងលើអនុស្សរណៈជាមួយក្រសួង ដើម្បីធានាបាននូវកិច្ចសហការដ៏យូរអង្វែង និងកាន់តែមានប្រសិទ្ធភាព។

លោកនាយកគ្រប់គ្រងបានលើកឡើងថា ក្រុមហ៊ុននឹងប្តេជ្ញាចិត្តធ្វើការវិនិយោគកាន់តែធំជាងនេះបន្ថែមទៀត ដោយមានផែនទីបង្ហាញផ្លូវបង្កើតជាប្រព័ន្ធស្តង់ដាមួយឲ្យមានការគាំទ្រពីអ្នកប្រើប្រាស់សេវានេះឲ្យកាន់តែច្រើនបន្ថែមទៀ ខណៈបច្ចុប្បន្ន Foodpanda ចាប់ផ្តើមសេវាដឹកជញ្ជូនគ្រឿងទេស និងដឹកជញ្ជូនម្ហូបអាហារទូទៅ ដោយមានបុគ្គលិក៨០០០នាក់ និងត្រូវការកម្លាំងពលកម្មបន្ថែមទៀតនាពេលខាងមុខ។

លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Foodpanda ដែលបានធ្វើការវិនិយោគបង្កើតសេវាបែបនេះនៅកម្ពុជា។ ចំពោះការវិនិយោគនេះទៀតសោត ពិតជាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផ្តល់ការងារដល់យុវជន និងនាំមកនូវសេវាកម្មថ្មីមួយទៀតចូលមកកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រីបានលើកឡើងថា នៅក្នុងដំណាក់កាលកូវីដ-១៩ ក្រុមហ៊ុនបានផ្តល់ការផ្គត់ផ្គង់អាហារមកដល់ពលរដ្ឋកម្ពុជាបានយ៉ាងល្អ។

គួរជម្រាបថា Foodpanda គឺជាយីហោចែកចាយម្ហូបអាហារ និងគ្រឿងទេសតាមអនឡាញរបស់ក្រុមហ៊ុន Delivery Hero ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដែលកំពុងប្រតិបត្តិការចំនួន២០យីហោ នៅបណ្តាប្រទេសចំនួន៥០ទូទាំងពិភពលោក។ បច្ចុប្បន្នមាននៅក្នុងប្រទេសចំនួន១៤នៃទ្វីបអាស៊ី ប៊ុលហ្គារី និងរូម៉ានី។ Foodpanda បានចូលទីផ្សារកម្ពុជានៅឆ្នាំ២០១៩ និងចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩៕