(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅឆ្នាំ២០២១ រាជរដ្ឋាភិបាលមិនបានដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយនៅឆ្នាំ២០២២ខាងមុខក៏មិនទាន់អាចដំឡើងបានដែរ ប៉ុន្តែប្រសិនបើស្ថានភាពវិបត្តិកូវីដ១៩កាន់តែធូរស្រាល ចំណូលសេដ្ឋកិច្ចកើនឡើងនោះ រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍ជូននៅឆ្នាំ២០២៣។

គួរជម្រាបថា ការផ្អាកដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាប់គ្នារយៈពេល២ឆ្នាំនេះ ក៏ដោយសារកម្ពុជាបានរងនូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩តាំងពីចុងឆ្នាំ២០១៩មក ដែលធ្វើឱ្យប៉ះពាលដល់ចំណូលសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសសម្ពោធអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើសុំការយោគយល់អធ្យាស្រ័យពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំពោះការមិនអាចដំឡើងប្រាក់បៀវត្សរ៍នៅឆ្នាំ២០២១នេះរហូតដល់ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០២១ អត់បានឡើងប្រាក់ខែ ឆ្នាំ២០២២ ក៏អត់ទាន់បានឡើងប្រាក់ខែដែរ។ ខ្ញុំគិតថា បើកូវីដថយចុះ ចំណូលកើនឡើង ឆ្នាំ២០២៣ អាចឡើងប្រាក់ខែបានហើយ»

សម្ដេចតេជោបានបញ្ជាក់ថា ទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀលរបស់កម្ពុជា ដើម្បីរក្សាតម្លៃទំនិញនៅក្នុងប្រទេសកុំឱ្យឡើងថ្លៃហួសពេលក ដែលនាំឱ្យប៉ះពាល់ខ្លាំងដល់ជីវភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ន័យរបស់សម្ដេចគឺ «ប្រសិនបើមិនបានដំឡើងប្រាក់ខែ តែកុំឱ្យតម្លៃទំនិញឡើងថ្លៃហួស»

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលគ្រប់ថ្នាក់ទាំងអស់ ត្រូវចូលរួមលើកិច្ចការប្រមូលពន្ធ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងឈានទៅដល់ការដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់គ្នា៕