(កំពង់ចាម)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានអះអាងថា ក្រសួងមហាផ្ទៃ មិនមានបំពាក់អាវុធរបស់សហរដ្ឋអាមេរិក ដល់កងកម្លាំងនគរបាលជាតិនោះទេ ខណៈមួយចំនួនដែលមាននៅតាមបណ្ដាអង្គភាពនោះ គឺជាអាវុធចាស់ៗ ដែលបន្សល់ទុកមកពីសម័យសង្គ្រាម។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ លើកទី១៦ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ដែរថា ក្នុងករណីដែលមានកាំភ្លើងរបស់អាមេរិក គឺជាកាំភ្លើងខ្លីដែលកងកម្លាំងនគរបាលទិញជាឯកជន ដើម្បីប្រើប្រាស់ក្នុងការបំពេញការងារប៉ុណ្ណោះ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ខ្លីបែបនេះថា «បើតាមខ្ញុំមើលមិនច្រើនប៉ុន្មានទេ ហើយកាំភ្លើងជាកាំភ្លើងចាស់ៗ ព្រោះយើងអត់មានទិញមកជាប្រព័ន្ធ ឬទាំងដុំនោះទេ ពោលជាកាំភ្លើងបន្សល់ទុកពីសម័យសង្គ្រាមចាស់ៗ។ ហើយបើមាន ក៏កាំភ្លើងខ្លីដែលឯកជនទិញមកប្រើប្រាស់ បើឲ្យរដ្ឋាភិបាលយើងទិញពីអាមេរិកមក គឺអត់មាននោះទេ»

សូមជម្រាបថា ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ក៏មិនខុសពីការលើកឡើងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិនោះទេដែលរថា អាវុធរបស់សហរដ្ឋអាមេរិក ដែលមាននៅកម្ពុជាពេលនេះ គឺជាអាវុធចាស់ដែលសេសសល់នៅបាតឃ្លាំង តាំងពីសម័យលន់ នល់ ម៉្លេះ ហើយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក៏មិនដែលទិញអាវុធពៅសហរដ្ឋអាមេរិកនោះដែរ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីបញ្ចុះបឋមសិលាសាងសង់ទីលានបាញ់គ្រាន់ពិត នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ពេលនេះកងទ័ពកំពុងប្រមូល និងត្រួតពិនិត្យ អាវុធអាមេរិក។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ អាវុធអាមេរិក ដែលសេសសល់ពីសម័យសង្គ្រាមទាំងនោះ មានសុខភាពចាស់ទ្រុឌទ្រោម ដែលមិនអាចប្រើប្រាស់បាននោះទេ ផ្ទុយទៅវិញរឹតតែបង្កមហន្តរាយសម្រាប់ការប្រើប្រាស់ផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោលតាមការជាក់ស្តែង។

ការដាក់ចេញបទបញ្ជានេះ បានធ្វើឡើងបន្ទាប់ពី សហរដ្ឋអាមេរិក តាមរយៈការិយាល័យ ឧស្សាហកម្ម និង សន្តិសុខរបស់ខ្លួន បានប្រកាសជាឯកតោភាគីដាក់ទណ្ឌកម្មបន្ថែមទៀតមកលើរដ្ឋាភិបាលកម្ពុជា តាមរយៈវិធានរឹតត្បិតការលក់អាវុធ និងសម្ភារយោធាឱ្យកម្ពុជា ក្រោមហេតុផលភូមិសាស្រ្តនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណសហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្តរបស់សម្តេច មិនយល់ព្រមទិញអាវុធពីអាមេរិក ពិតជាត្រឹមត្រូវ សម្រាប់នយោបាយការពារជាតិរបស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរ ដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយ ឱ្យបានជ្រាបថា «បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិសូមកុំប្រើប្រាស់អាវុធ របស់អាមេរិក»

រហូតមកដល់ពេលនេះ ទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ មិនទាន់បង្ហាញរបាយការណ៍ដែលអាចបញ្ជាក់ថា នៅកម្ពុជា មានអាវុធអាមេរិកចំនួនប៉ុន្មាននោះទេ៕