(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់៣៥ជាន់ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះមេរោគបំប្លែថ្មី «អូមីក្រុង» មានវត្តមាននៅកម្ពុជាចំនួន ៨ករណីហើយ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំមានភាពស្លន់ស្លោពេក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារកូវីដ១៩ ក្នុង១ខែ កម្ពុជាត្រូវចំណាយប្រាក់ចិញ្ចឹមប្រជាពលរដ្ឋប្រមាណជាង ៣០លានដុល្លារ ដោយមិនទាន់គិតទាំង នៅតាមមន្ទីពេទ្យនានា ដែលធ្វើការព្យាបាលជំងឺកូវីដ១៩ ដោយមិនគិតថ្លៃនោះទេ ដូចនេះធ្វើឱ្យប្រាក់សន្សំត្រូវសម្រុកចេញដោយមិនប្រើពេលយូរ ដោយសារនៅពេល ផ្ទុះកូវីដ ១៩ភ្លាមស្ទើតែរៀបចំមិនទាន់ កុំតែរដ្ឋាភិបាលបានដើរមុនមួយជំហាន ប្រហែលជាមានមនុស្សស្លាប់ ឫអ្នកដែលទៅកាន់មន្ទីពេទ្យមិនមានកន្លែងសម្រាកនោះទេ។

ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី «អូមីក្រុង» សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ថ្ងៃនេះឆ្លង៤នាក់ ក្នុង៤នាក់នោះគឺនាំចូល២ ហើយនាំចូល២ នាំមកអាអូមីក្រុង នឹងតែម្តង ឥលូវអូមីក្រុងកំពុងមានវត្តមាននៅកម្ពុជាចំនួន៨ករណី ប៉ុន្តែអឺរ៉ុបធ្ងន់ធ្ងរមែនទែនហើយ វាយប្រហារអឺរ៉ុប ឯយើងសូមកុំស្លន់ស្លោ កុំស្លន់ស្លោពេក»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ជំងឺកូវីដ១៩ បំប្លែងខ្លួនអូមីក្រុងនេះ ក្រុមគ្រូពេទ្យបានយកទៅដាក់មួយកន្លែង ដើម្បីតាមដាននៅមជ្ឈមណ្ឌលព្យាបាល អង់ស៊ិន ហើយតាមពិនិត្យទៅមិនមានអាការៈធ្ងន់ធ្ងរនោះទេ ហើយជំងឺដែលសម្លាប់មនុស្សពិតប្រាកដគឺនៅតែ ដែលតា (Delta) ទើបនឹងមានព័ត៌មានអំពីការស្លាប់ នៅប្រទេសអង់គ្លេសប្រមាណ១២នាក់នោះទេ។

សម្តេចតេជោ បានបន្ថែមថា អូមីក្រុងនេះកំពុងតែវាយប្រហារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយក៏វាយប្រហារស្ទើរតែគ្រប់ប្រទេស ដោយសារជំងឺអូមីក្រុងនេះ មានសមត្ថភាពចំលងលឿនជាង ដែលតា (Delta) ប៉ន្តែបើយើងបន្តអនុវត្តន៍វិធានការ ៣កុំ និង៣ការពារ ឱ្យបានហ្មត់ចត់ យើងនឹងទទួលបានផល ហើយក្នុងនោះដែរ ក៏ត្រូវតែមានការជំរុញវ៉ាក់សាំងផងដែរ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៤៣៤នាក់, អ្នកជាសះស្បើយ សរុបចំនួន ១១៦,៨៣៤នាក់, ស្លាប់សរុបចំនួន៣,០០៦នាក់៕