(រតនគិរី)៖ លោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនា ពេលកន្លងមក នៅស្រុកតាវែងចំនួន១៧០គ្រួសារ។

នាឱកាសនោះដែរលោក មួង ប៉ាង បានផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេតែង តែនឹករឭកនិងគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពោលគឺទីណាមានពលរដ្ឋ ជួបទុក្ខលំបាកទីនោះមានវត្តមានសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក មួង ប៉ាង បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្ត-ស្រុកក្នុងអំឡុងពេលដែលបងប្អូនកំពុងតែជួបការលំបាកនៅពេលនេះ ថ្នាក់ដឹកនាំខិតខំ ចុះសាកសួរសុខទុក្ខ បងប្អូនគ្រប់ទីកន្លែង ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នៅតែត្រៀមចាំអន្តរាគមន៍ ជួយប្រជាពលរដ្ឋ គ្រប់ពេលវេលាជានិច្ច។

លោកអភិបាលរងខេត្ត បានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋ ឱ្យត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការ ហូបស្អាត ផឹកស្អាត រស់នៅស្អាតនិងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀតក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្ត វិធានសុវត្ថិភាព និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានល្អ។

បន្ថែមពីនេះទៀត លោកក៏បានសំណូមពរដល់មាតាបិតា អាណាព្យាបាល សិស្សានុសិស្សទាំងអស់ឱ្យចូលរួមការពារ ទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន យើងត្រូវចាត់ទុកថា បញ្ហាគ្រឿងញៀន គឺជា ភារកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាការពារ ទប់ស្កាត់មិនឱ្យមាននៅក្នុងភូមិ ក្នុងសហគមន៍យើង ដើម្បីគោរព តាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ហើយក៏សូមចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់ ហាមប្រើទូរស័ព្ទដៃ សេពគ្រឿងស្រវឹងក្នុងពេលបើកបរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

សូមបញ្ជាក់ថា អំណោយដែលនាំមកជូនប្រជាពលរដ្ឋចំនួន១៧០គ្រួសារ នៅស្រុកតាវែង នាឱកាសនេះ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូ, មី១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់ និងអាវរងារជូនមនុស្សចាស់ម្នាក់១ផងដែរ៕