(បន្ទាយមានជ័យ)៖ ពលរដ្ឋខ្មែរចំនួន២២នាក់ ក្នុងនោះមាន ស្រី១០នាក់ កុមារ៤នាក់ បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់តាមរថយន្ដ១គ្រឿង ត្រូវកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ដឹកនាំដោយលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ចុះល្បាតនៅតាមព្រំដែនឃាត់ខ្លួនបាននៅចំណុចស្តង់ដំឡូងមី ក្នុងភូមិសាស្ត្រប៉ុស្តិ៍សង្កែ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក សួង សៅ បានប្រាប់ឲ្យដឹងថា ការឃាត់ពលករខ្មែរបានជាបន្តបន្ទាប់នេះអនុវត្តន៍ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះលោកបានសហការ ជាមួយកម្លាំង ប៉ុស្តិ៍សង្កែ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកំលាំងយោធាកងពល៥១ បានចុះធ្វើការទប់ស្កាត់ពលរដ្ឋចំណាក់ស្រុកបានចំនួន ២២នាក់ ស្រី១០នាក់ កុមារ៤នាក់បម្រុងលួច ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមរថយន្ដ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2S-2634 រួមនិងម្ចាស់រថយន្ដចំនួន១នាក់ទៀត ឈ្មោះ ធាន រិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប សរុប ២៣នាក់ ពួកគាត់មានទីលំនៅក្នុងខេត្តសៀមរាបទាំងអស់។

លោកវរសេនីយ៍ឯក សួង សៅ បានបន្តថា ពលករឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ មានចំនួន ២២នាក់នេះត្រូវចាញ់បោកមេខ្យល់ពីការជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ស្តីពីការងារ ក្នុងការបញ្ចុះបញ្ចូលលួងលោមឬបោកឲ្យអ្នកដទៃនាំទៅរកការងារធ្វើដោយមិនស្របច្បាប់ក្នុងគោលដៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។

នៅចំពោះមុខពលករទាំង២២នាក់ និងម្ចាស់រថយន្ត លោកវរសេនីយ៍ឯក សួង សៅ បានរៀបរាប់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសជំងឺអូមីក្រុងតែម្តង។ លោកក៏បានឲ្យពលករទាំងអស់ធ្វើកិច្ចសន្យារួច ក៏បានប្រគល់ជូនផ្នែកជំនាញរបស់អធិការដ្ឋានគរបាលស្រុកម៉ាឡៃ អនុវត្តបន្តតាមនីតិវិធីទៀត៕