(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំក្រុមការងារមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពអគារសម្រាប់ផលិតអុកស៊ីហ្សែនដែលទើបនឹងសាងសង់រួច ហើយត្រូវបំពាក់សម្ភារសម្រាប់ផលលិតនៅពេល ឆាប់ៗនេះ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រើប្រាស់ព្យាបាលជំងឺកូវីដ១៩ និងសង្គ្រោះអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ដែលត្រូវការអ៊ុកស៊ីហ្សែនជំនួយក្នុងការដកដង្ហើម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

លោក ជា សុមេធី បានថ្លែងថា ចំពោះការផលិតអុកស៊ីហ្សែនទៅខេត្តព្រៃវែង អាចផ្គត់ផ្គង់ដល់ខេត្តស្វាយរៀង ត្បូងឃ្មុំ និងកំពង់ចាមផងដែរ។ អគារផលិតអ៊ុកស៊ីហ្សែននេះ មានទទឹង១៦ ម៉ែត្រ និងបណ្តោយ១៨ ម៉ែត្រ ហើយអគារនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តព្រៃវែង ក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មានជំងឺធ្ងន់ៗផ្សេង ជាពិសេសគឺជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ។

លោកបានបន្ថែមទៀតថា ចាប់ពីពេលនេះតទៅ នៅខេត្តព្រៃវែងលែងខ្វះអុកស៊ីហ្សែនទៀតហើយ សម្រាប់អ្នកជំងឺដែល ត្រូវការអ៊ុកស៊ីហ្សែនចាំបាច់បំផុតសម្រាប់ស្រោចស្រង់អាយុជីវិត ដែលបានមកសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យបង្អែកនានានៅក្នុងខេត្តព្រៃវែង។ រីឯទីតាំងអាគារផលិតអុកស៊ីហ្សែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ និងសង្គ្រោះជំងឺផ្សេងៗនេះ គឺត្រូវបានប្រជុំពិភាក្សា នឹងដាក់នៅបរិវេណមន្ទីរសុខាភិបាលខេត្ត ហើយចំទីតាំងដែលត្រូវដាក់អុកស៊ីហ្សែននេះ ត្រូវដាក់នៅកន្លែងដែលមានខ្យល់បរិសុទ្ធល្អ និងបរិស្ថានស្អាតផងដែរ។

លោកបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ក៏ពិតមែន ប៉ុន្តែចំពោះវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសុខាភិបាល ដើម្បីបង្កើតទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩ នៅក្នុងខេត្តព្រៃវែង ដូចជានៅក្នុងប្រទេសកម្ពុជាគឺនៅតែបន្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត។

បន្ថែមពីនេះទៀត លោកក៏បានទៅពិនិត្យបន្ទប់ដាក់វ៉ាក់សាំងផងដែរ នឹងបានណែនាំឲ្យមន្ទីរសុខាភិបាល ទុកដាក់នឹងថែរក្សា ឲ្យមានគុណភាពល្អ៕