(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព នៃការរស់នៅរបស់ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមចំនួន៥៤គ្រួសារ (ជិត៣០០នាក់) ដែលពួកគេកំពុងសុំជ្រកកោន ស្នាក់នៅបណ្ដោះអាសន្ននៅស្រុកលើកដែក ខេត្តកណ្ដាល ក្រោយពួកគេត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បណ្ដេញចេញមិនឱ្យមានការរស់នៅលើផ្ទៃទឹកនាពេលកន្លងទៅ។

ស្ថិតក្នុងឱកាសនេះនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកអភិបាលខេត្ត បានសួរសុខទុក្ខ និងចង់ដឹងពីការរស់នៅ ការលំបាកទាំងឡាយរបស់ពួកគាត់ ហើយក៏បានសួរពីបំណងចង់រស់នៅកម្ពុជា ឬចង់ទៅនៅវៀតណាមវិញ?។ ជាចម្លើយស្រុសគ្នារបស់ជនជាតិវៀតណាមទាំងអស់ គឺពួកគាត់ប្រាថ្នាចង់ទៅរស់នៅស្រុកកំណើតនាប្រទេសវៀតណាមវិញ ប៉ុន្តែ ពួកគាត់មិនអាចទៅរួច និងត្រូវបានរារាំងដោយរដ្ឋាបាលវៀតណាម ទើបពួកគាត់ទាល់ច្រកក៏សុំស្នាក់នៅ លើផ្ទះបណ្ដែតទឹកបណ្ដោះអាសន្ននៅឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។

នាឱកាសនេះលោក គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើដល់ជនជាតិវៀតណាមទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅប្រកបដោយអនាម័យ អនុវត្តន៍តាមវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួន និងគ្រួសារ ពីជំងឺកូវីដ១៩ ព្រមទាំងបានផ្ដល់អំណោយមួយចំនួនដល់ជនជាតិផងដែរ។

ក្រោយពិនិត្យស្ថានភាពជនជាតិវៀតណាមរួចមក លោកអភិបាលខេត្ត បានដឹកនាំក្រុមមន្ត្រីបន្តសួរសុខទុក្ខមន្រ្តី កងកម្លាំងកំពុងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅប៉ុស្តិ៍នគបាលការពារព្រំដែនបាក់ណាម និងច្រកទ្វារព្រំដែនព្រែកជ្រៃ-ព្រែកទន្លា ស្ថិតនៅភូមិខ្នាតាំងយូរ ឃុំព្រែកជ្រៃ ស្រុកកោះធំផងដែរ។

សូមជម្រាបថា នាឱកាសដែលជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ង្វៀន សួនហ៊្វុន ប្រធានាធិបតីវៀតណាម បានអរគុណកម្ពុជាសម្រាប់ការបន្តគាំទ្រ និងការបន្តអនុវត្តគោលការណ៍ច្បាប់ ដោយគ្មានការរើសអើង ចំពោះប្រជាជនដើមវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា៕