(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានទទួលអំណោយជាសម្ភារសិក្សាពីមជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំរបស់សិស្សានុសិស្សនៅតាមជនបទកម្ពុជា។

ពិធីទទួួលអំណោយជាសម្ភារសិក្សានេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងតំណាងមជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

សូមបញ្ជាក់ថា អំណោយដែលជាការផ្តល់ជូនពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ មានដូចជា សៀវភៅសរសេរ ខ្មៅដៃ ប៊ិច សៀវភៅរឿងនិទាន ជ័រលុប ស្បែកជេីងខ្លុប គូល័រទៀន ហ្វឺតផាត់ពណ៌ កាតាប ម៉ាស់ក្រណាត់ និងបន្ទាត់។

ក្នុងនោះដែរ អាជ្ញាធរខេត្តក៏បានទទួលឈុតការពារ ពីខេត្តហយណាន ចំនួន២,០០០សម្រាប់ផងដែរ។

បន្ទាប់ពីបានទទួលអំណោយទាំងនោះរួចមក លោក អ៊ុន ចាន់ដា បានប្រគល់សម្ភារសិក្សា និងឈុតការពារខាងលើ ជូនបន្តដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីយកទៅចាត់ចែងផ្តល់ជូនដល់អ្នកមានជីវភាពខ្វះខាតឱ្យបានឆាប់បំផុតផងដែរ៕