(បន្ទាយមានជ័យ)៖ ទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទជាង៦តោន ដែលរឹបអូសបាននាពេលកន្លងទៅ ត្រូវបានមន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ ដុតកម្ទេចចោលនៅទីតាំងដីឡូតិ៍មួយកន្លែង ស្ថិតនៅក្នុងសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីដុតកម្ទេចចោលទំនិញខូចគុណភាបជាង៦តោននេះ បានធ្វើឡើងក្រោមការដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការអនុញ្ញាត ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

បើតាមលោក សាន វិជ្ជាសារ៉ាវុធ «ទំនិញខូចគុណភាព និងហួសការបរិច្ឆេប្រើប្រាស់រួមមាន៖ កម្ទេចមី ឬកាកសំណល់មីកញ្ជប់, ស្រាបៀសឹង្ហ, អាលកុល, ភេជ្ជៈ, ទឹកក្រូចដបចម្រុះ និងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត សរុបចំនួន ៦,៤០៥គីឡូក្រាម យកមកដុតកម្ទេចចោលនាពេលនេះ បានមកពីការដកហូតពីអាជីវករ ដែលបានដាក់តាំងលក់តាមផ្ទះ តាមផ្សារនានាទូទាំងខេត្ត និងពីក្រុមឈ្មួញដែលលួចដឹកចេញពីដីថៃ ពេលជំនាញស្ទាក់ចាប់បាន តាមផ្លូវជាដើម»

លោកបានបញ្ជាក់ថា មន្ត្រីជំនាញមិនមានតួនាទីនៅតាមព្រំដែនក៏ពិតមែន ក៏ប៉ុន្តែការងារផ្ទៃក្នុងជំនាញ ក.ប. ប យើងមានសិទ្ធិ ធ្វើទាំងអស់មានន័យថា ទំនិញដែលរួចផុតពីដែនសមត្ថកិច្ច មន្ត្រីជំនាញនៅព្រំដែន រហូតដល់កន្លែង ឃ្លាំងស្ទប់ និងទីកន្លែងតាំងលក់ដូចជា៖ តាមផ្ទះ ផ្សារ និងម៉ាត គឺជាតួនាទីជំនាញ ក.ប. ប ហើយការដកហូតពីទីតាំងខាងលើរយៈពេលក្នុងឆ្នាំ២០២១ បានសរុបប្រមាណជាង៨តោន ធ្វើការដុតកម្ទេច បានពីដងរួចមកហើយដែរ ហើយថ្មីៗនេះ ជំនាញ បានអនុវត្តតាមនីតិវិធីតាមផ្លូវតុលាការ ពោល គឺធ្វើបណ្តឹងទៅស្ថាប័នអយ្យការសាលាដំបូងខេត្ត បាន៤ករណី រួមមាន៖

*ករណីទី១៖ រឿងអាកុលក្លែងក្លាយ ដែលមានទីតាំងនៅខេត្តកណ្តាល យកមកលក់នៅខេត្តបន្ទាយមានជ័យ។
*ករណីទី២៖ រឿងស្រាបៀរយុងសឹង្ហ ដែលជនល្មើសលួចដឹកចេញពីថៃ តាមច្រកអូបីជាន់ជំនាញស្ទាក់ចាប់បានពិន័យ ជាង១០លានរៀល ក៏បានដាក់ទៅតុលាការហើយដែរ។
*ករណីទី៣៖ ទឹកដោះគោស្រស់ និងជំនាញក៏បានដាក់ទៅតុលាការ ដើម្បីធ្វើការផាកពិន័យហើយដែរ
*និងករណីទី៤៖ កម្ទេចមី ក៏បានដាក់ទៅតុលាការ ដើម្បីឱ្យសាមីខ្លួនចូលបង់ប្រាប់ពិន័យអន្តរការហើយដែរ តែសាមីខ្លួនទាំងអស់មិនទានចូលខ្លួនដោះស្រាយនៅឡើយទេ។

ឆ្លៀតក្នុងឱកាស ដុតកម្ទេចចោលនូវទំនិញខាងលើនេះ លោក សាន វិជ្ជាសារ៉ាវុធ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទិញទំនិញយកទៅប្រើប្រាស់ពិសេសគ្រឿងឧបភោគ បរិភោគយកទៅទទួលទានត្រូវពិនិត្យឱ្យ បានច្បាស់លាស់ ជៀសវាងទិញចំទំនិញក្លែងម៉ាកខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព៕