(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៀតថា អ្នកដែលចង់រត់ការយកតំណែងលោក គុណ ញឹម កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ព្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។

សម្តេចតេជោបញ្ជាក់ថា លោក គុណ ញឹម មិនទាន់ចាស់នោះទេ គឺមានកម្លាំង និងសមត្ថភាពពេញលេញ ក្នុងការដឹកនាំស្ថាប័នគយ ដែលជាស្ថាប័នដ៏សំខាន់ ក្នុងការប្រមូលចំណូលជាតិ។

ការថ្លែងជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «សូមបញ្ជាក់ កុំអាលទារឲ្យ គុណ ញឹម ចូលនិវត្តន៍ ខ្ញុំពន្យារឲ្យដល់ឆ្នាំ២០២៥ ជាឆន្ទានុសិទ្ធិរបស់ខ្ញុំ។ ទុកឲ្យធ្វើទំនើបកម្មគយឲ្យបានថែមទៀត គុណ ញឹម ក៏មិនទាន់ចាស់ប៉ុន្មានដែរ។ ខ្ញុំដឹងមានអ្នកខ្លះ ប្រុងរត់ការដើម្បីសុំកន្លែងមេគយ សូមទោសកន្លែងហ្នឹងអត់ទេ [...] រត់ជាមួយខ្ញុំ រត់ទៅអត់រួចទេ»។

សូមជម្រាបថា លោក គុណ ញឹម ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៤ ជំនួសលោក ប៉ែន ស៉ីម៉ន ដែលចូលនិវត្តន៍៕