(សៀមរាប-អង្គរ)៖ ការរីករាលដាលនៃវីរុសកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេស នៅលើពិភពលោកទាំងមូល ធ្លាក់ចុះស្ទើរគ្រប់វិស័យ។ ជាមួយគ្នានេះដែរ ប្រទេសកម្ពុជា ក៏រងផលប៉ះពាល់ជាអវិជ្ជមានមិនតិចជាងបណ្តាប្រទេសនានា នៅលើពិភពលោកទាំងមូលនោះទេ ដែលបណ្តាលឲ្យអាជីវកម្មក្នុងវិស័យមួយចំនួន បាត់បង់ចំណូលយ៉ាងខ្លាំង ជាពិសេសវិស័យទេសចរណ៍។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្តក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងទិសដៅរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ដែលបាន និងកំពុងរងផលប៉ះពាល់ដោយសារវិបត្តិ សាកលនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ តាមរយៈវិធានការគោលនយោបាយការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ លើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងទេសចរណ៍ជាដើម។

ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ចាប់ពីកុមារអាយុ៥ឆ្នាំឡើង និងការរៀនរស់ជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ជាកត្តាដ៏សំខាន់ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលសារជាថ្មីនៃវីរុសកូវីដ១៩ និងដើម្បីធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចលើវិស័យដែលរងផលប៉ះពាល់ មានដំណើការជាធម្មតាឡើងវិញ។

ដោយសារតែវិបត្តិកូវីដ១៩ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្អាកការជួបជុំបុគ្គលិកប្រចាំឆ្នាំ២០២០ ដោយផ្ទាល់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ប៉ុន្តែនៅដើមខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឲ្យដំណើការអាជីវកម្មឡើងវិញ គ្រប់វិស័យដោយសារប្រជាពលរដ្ឋចាប់ពីកុមារអាយុ៥ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ស្ទើរគ្រប់រូប និងបានយល់ដឹងពីការរៀនរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB និងថ្នាក់ដឹកនាំនៃធនាគារ ARDB បានរៀបចំការជួបជុំបុគ្គលិកប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅឯខេត្តសៀមរាប ដោយជ្រើសរើសយកប្រធានបទ «កសិកម្ម និងទេសចរណ៍វប្បធម៌»

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក កៅ ថាច បានបញ្ជាក់ថា មូលហេតុនៃការការជ្រើសរើសប្រធានបទ «កសិកម្ម និងទេសចរណ៍វប្បធម៌» នេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ជាពិសេសជំរុញទេសចរណ៍ក្នុងស្រុក ដែលជាឱកាសមួយ ល្អសម្រាប់ថ្នាក់ដឹកនាំនៃធនាគារ ARDB រៀបចំការជួបជុំបុគ្គលិកប្រចាំឆ្នាំ ដែលការណ៍នេះក៏បានចូលរួមចំណែកជួយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឲ្យមានដំណើការធម្មតាឡើងវិញ ដែលតាមរយៈវិស័យទេសចរណ៍ ផលិផលកសិកម្មនឹងត្រូវទិញ-លក់ កែច្នែ ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រៀបបាននឹងការនាំចេញផលិតផលកសិកម្ម នៅនឹងកន្លែង។

លោកបន្តថា ខេត្តសៀមរាប ជាតំបន់បេតិកភណ្ឌវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ហេតុដូចនេះទើបខេត្តសៀមរាប ត្រូវជ្រើសយកសម្រាប់ដំណើរកម្សាន្តប្រចាំឆាំនេះ គឺដើម្បីឱ្យបុគ្គលិកធនាគារ ARDB ស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែបរបស់ជាតិយើង។ ចំណែកឯ កសិកម្មសំដៅដល់បេសកម្មកម្មរបស់ធនាគារ ARDB ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្ម មានដូចជាបន្ថែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីប្បកម្ម ការកែច្នៃផលិតផលកសិកម្ម ជាដើម៕