(ស្ទឹងត្រែង)៖ លោក ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការ អ.ប.វ បៃតង (Green TVET) ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បៃតង ដើម្បីអនាគតប្រកបដោយនិរន្តរភាព»

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង តំណាងឱ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង, លោក Christian Volker Ide ប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ រួមទាំងរដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល លោក លោកស្រី ដែលជាអភិបាលរងខេត្តទាំង៥ ខេត្ត និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនរូប។

បន្ទាប់ពីលោក វណ្ណ រម្យមនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តស្ទឹងត្រែង បានអាននូវរបាយការណ៍ ជូនអង្គពិធីរួចមក លោក Christian Volker Ide ប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការស្វីសខន់ថាក់ បានបញ្ជាក់ថា អង្គការស្វីសខន់ថាក (មូលនិធិស្វីសសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស) គឺជាអង្គការឯករាជ្យ និងមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុងហ្សូរីចប្រទេសស្វីស ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៩ ដោយអង្គភាពឈានមុខពីវិស័យឯកជន និងបណ្តាសាកលវិទ្យាល័យនៃប្រទេសស្វីស។

លោក វណ្ណ រម្យមនោ បានបន្តថា ក្នុងនោះតាមអង្គការ ប្រទេសស្វីសគាំទ្រប្រទេសកម្ពុជា ក្នុងការពង្រឹងសង្គមប្រកបដោយសន្តិភាព តាមរយៈការកាត់បន្ថយភាពក្រីក្រ និងការរីកចម្រើនប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន។ យុទ្ធសាស្ត្រសហប្រតិបត្តិការស្វីសចំពោះកម្ពុជាត្រូវបានបង្កើត ឡើងដោយការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធពីរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលផងដែរ។

លោក ពេជ សោភ័ន បានគូសបញ្ជាក់ថា ការបើកយុទ្ធនាការ អ.ប.វ. បៃតង (Green TVET) ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បៃតង ដើម្បីអនាគតប្រកបដោយនិរន្តរភាព» នេះ ត្រូវបានឯកភាពគ្នាជ្រើសរើសយកខេត្តស្ទឹងត្រែង ជាខេត្តដំបូងគេ សម្រាប់បើកយុទ្ធនាការ អ.ប.វ. បៃតង (ក្នុងចំណោមខេត្តគោលដៅចំនួន៥ គឺ ខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ មណ្ឌលគិរី និងរតនគិរី) ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការស្វីសខន់ថាក់។

បន្ថែមពីនោះ លោក ពេជ សោភ័ន បានបន្តថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យសាធារណជនចាប់អារម្មណ៍ពីសារសំខាន់នៃការអប់រំណ្ដុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បៃតង, បង្ហាញអំពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពនៃ អបវ បៃតង នៅតាមទីសាធារណៈ, ផ្សព្វផ្សាយការចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់គ្រឹះស្ថាន អ.ប.វ ដល់យុវជន, លើកកម្ពស់ការថែរក្សាបរិស្ថានដោយផ្តោតសំខាន់លើការ គ្រប់គ្រងសំរាម ព្រមទាំងផ្សព្វផ្សាយពីទីក្រុងស្អាត និងបរិស្ថានល្អ។

លោក ពេជ សោភ័ន បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាខេត្តគោលដៅទាំង៥ គាំទ្រដោយអង្គការស្វីសខន់ថាក់ នឹងក្លាយជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈបៃតង ដែលជាគ្រឹះស្ថានគំរូសម្រាប់គ្រឹះស្ថានដទៃផ្សេងទៀត៕