(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម នឹងពន្លឿនការទទួលស្គាល់គ្នាទៅវិញទៅមក លើលិខិតឆ្លងដែនវ៉ាក់សាំង ឬវិញ្ញាបនបត្រវ៉ាក់សាំង (vaccine passports/certificates) ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាមមកកាន់កម្ពុជា នាថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការធ្វើការរួមគ្នាក្នុងការដោះស្រាយផលប៉ះពាល់ផ្នែកវេជ្ជសាស្ត្រ សេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងន័យនេះ ភាគីទាំងពីរនឹងពន្លឿនការពិភាក្សាឆ្ពោះទៅរកការទទួលស្គាល់គ្នាទៅវិញទៅមក លើលិខិតឆ្លងដែន ឬវិញ្ញាបនបត្រវ៉ាក់សាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ការបើកឡើងវិញជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យទាន់ពេលវេលាប្រកបដោយសុវត្ថិភាព ដែលនឹងរួមចំណែកជាក់ស្តែងដល់ការងើបឡើងវិញ ប្រកបដោយចីរភាពនៃសេដ្ឋកិច្ច-សង្គម របស់ប្រទេសនីមួយៗ ក្នុង «គន្លងប្រក្រតីភាពថ្មី» និងក្រោយជំងឺរាតត្បាត»

លិខិតឆ្លងដែនវ៉ាក់សាំង ឬវិញ្ញាបនបត្រវ៉ាក់សាំង គឺជាការសម្គាល់ថាបុគ្គលម្នាក់បានចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីឲ្យបុគ្គលនោះអាចធ្វើដំណើរឆ្លងប្រទេសដោយភាពងាយស្រួល។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក៏ភាគីទាំងពីរនិយាយពីបញ្ហាលិខិតឆ្លងដែនវ៉ាក់សាំង ឬវិញ្ញាបនបត្រវ៉ាក់សាំងផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ឱ្យធ្វើការយ៉ាងជិតស្និទ្ធលើការរៀបចំផែនការស្តារទេសចរណ៍ឡើងវិញក្រោយជំងឺកូវីដ-១៩ និងរិៈរកលទ្ធភាពដើម្បីបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា សម្រាប់អ្នកកាន់លិខិតឆ្លងដែនវ៉ាក់សាំង៕