(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានណែនាំដល់កម្លាំងសមត្ថកិច្ច និងគណៈបញ្ជាឯកភាពសង្កាត់ទាំង៥ ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបន្តយាមល្បាតការពារជាប្រចាំ ដែលមិនអាចធ្វេសប្រហែសបានឡើយ ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗទាន់ពេលវេលា បើទោះបីជាក្នុងមូលដ្ឋានបទល្មើសកើតមានតិច ដើម្បីធានាបានសន្តិសុខ និងសុវត្ថិភាព និងការប្រកបរបរអាជីវកម្មនានាល្អប្រសើរជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក សុខ សម្បត្តិ បានជំរុញដល់អភិបាលរងខណ្ឌ ត្រូវត្រួតពិនិត្យវេនប្រចាំបញ្ជា ដែលបានបែងចែកវេនប្រចាំការរួចជាស្រេចហើយ ដាច់ខាតកុំឱ្យអវត្តមានញឹកញាប់សម្រាប់មន្ត្រី ហើយបង្កើនការពង្រឹងឆែកឆេអាវុធជាតិផ្ទុះទៅតាមគោលដៅផ្សេងៗ ពិសេសនៅតំបន់ស្មុគស្មាញ ដែលជនល្មើសអាចធ្វើការឆ្លងកាត់។

ការណែនាំ និងការជំរុញបន្ថែមដល់មន្ត្រីក្រោមឱវាទ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ បានលើកឡើងថា បញ្ហាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន គឺជាបញ្ហាសំខាន់បំផុត ដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះបើក្នុងមូលដ្ឋានពុំធានាបាន សន្ដិសុខសុវត្ថិភាពពេញលេញទេ ការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ មិនអាចដំណើរការបាន ហើយការអភិវឌ្ឍន៍ក៏មិនអាចទៅមុខរួចដែរ។

លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានលើកឡើងទៀតថា ពេលវេលានៃការបោះឆ្នោតឃុំ-សង្កាត់បានឈានចូលជិតមកដល់ហើយ ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត សំខាន់ការទទួលយកសូមណូមពរដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ បើក្នុងករណីសង្កាត់ដោះស្រាយមិនបានទេ ត្រូវរុញមកខណ្ឌ ហើយបើខណ្ឌដោះស្រាយមិនបានទៀត និងបញ្ជូនទៅក្រុងបន្តទៀត ដោយមិនត្រូវទុកបញ្ហាចោលឡើយ ក្រៅពីការការពាររក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សំដៅលើការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដើម្បីបម្រើជូនប្រជាពលរដ្ឋ៕