(កំពង់ឆ្នាំង)៖ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល ចែកអំណោយ ប្រគល់ផ្ទះជនក្រីក្រ និងអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកស្រី ម៉ាណ ណាវី សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមមណ្ឌលរាជធានីភ្នំពេញ, លោកស្រី កុប ម៉ារីយ៉ះ សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងគណៈអ៉ីម៉ាំខេត្តកំពង់ឆ្នាំងផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំនូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ជូនចំពោះប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។ លោកបានរំលេចអំពីគុណសម្បត្តិមហាសាលដែលកើតចេញក្រោមការដឹកនាំបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងអំពាវនាវដល់ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រដល់រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិ ដើម្បីជាម្លប់សន្តិភាពដល់សង្គមជាតិទាំងមូល។

បន្ថែមលើនោះ លោកក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យបើកវិហារឥស្លាមទាំងអស់នៅកម្ពុជាឡើងវិញ ដែលពីមុនអនុញ្ញាតឲ្យជួបជុំត្រឹម២០០នាក់ សម្រាប់វិហារនីមួយៗ ប៉ុន្តែក្រោយមកដោយស្ថានកូវីដ១៩ នៅកម្ពុជាមានការអន់ថយ រដ្ឋាភិបាលបានអនុញ្ញាតជាលក្ខណៈទូលំលាយតាមទំហំ នៃវិហារនីមួយតែម្ដង។ ស្របជាមួយគ្នានេះដែរ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តរក្សាការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តគោលការណ៍៣កុំ និង៣ការពារ ដើម្បីទទួលបានសុខសុវត្ថិភាព និងជំនះបាននូវការរាលដាលជំងឺនេះក្នុងសហគមន៍ និងប្រទេសរបស់យើង។

ជាមួយគ្នានេះ លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណដល់ អង្គការមូលនិធិអាស៊ានដើម្បីអប់រំ និងការអភិវឌ្ឍ រួមជាមួយគណៈប្រតិភូទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋខ្វះខាត ជាពិសេសនៅក្នុងខេត្តកំពង់ឆ្នាំង។ ជាពិសេសទៀតនោះ លោកក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដោយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន កម្ពុជាបានរួចផុតពីសម័យសង្គ្រាម ប៉ុល ពត ដ៏ខ្មៅងងិត និងជំនួសមកវិញនូវសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ទាំងនៅទីក្រុង និងជនបទផងដែរ។

គួរជម្រាបផងដែរថា កម្មវិធីបានប្រគល់អណ្តូងស្នប់ចំនួន៥៣អណ្តូង, លូសុីទែនចំនួន១៧៧, អណ្តូងធំសុីទែន១ ចំនួន៤, អណ្តូងធំសុីទែន២ ចំនួន២២, គម្រោងសុីទែនទឹកស្អាត ចំនួន១ និងផ្ទះជនក្រីក្រ ចំនួន១ ដែលចំណាយថវិកាសរុប ៦២៩,៤០០,០០០រៀល។

ក្នុងកម្មវីធីនោះ ក៏បានរៀបចំអំណោយជាកញ្ចប់អាហារដែលគិតជាទឹកប្រាក់ចំនួន ៦,០០០,០០០រៀល សម្រាប់១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម, មីកន្លះកេស, ទឹកស៊ីអុីវមួយយួរ, ទឹកត្រីមួយយួរ, ស្ករសមួយគីឡូក្រាម និងអំបិលមួយគីឡូក្រាម ដែលជាជំនួយតាមរយៈអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍កម្ពុជា។

ជាចុងបញ្ចប់នៃកម្មវិធី លោក រ៉ូហ្វី អូស្មាន បានឧបត្ថម្ភដល់សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ឆ្នាំង កម្លាំងប្រជាការពារ ក្នុងការរៀបចំកម្មវិធី សរុបថវិកាចំនួន១,១០០,០០០រៀលផងដែរ៕