(​ចិន​)៖ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) កើត​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​១៩៥៣ ដែល​មុន​នឹង​បាន​ក្លាយ​ជា​ប្រមុខ​ការទូត​កំពូល​របស់​ចិន លោក​ធ្លាប់​បាន​កាន់​តំណែង​សំខាន់ៗ ជាច្រើន​រួច​មក​ហើយ​ដូចជា អនុ​រដ្ឋមន្ត្រីការបរទេស​, ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន និង នាយក​នៃ​ការិយា​ល័យកិច្ចការកោះ​តៃវ៉ាន់​ជាដើ​ម​។

​បុរស​ដែល​មាន​ស្រុកកំណើត​នៅ​ទីក្រុង​ប៉េកាំង​រូបនេះ បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ពី​ខែ​កញ្ញា ឆ្នាំ ១៩៦៩ ដែល​កាលណោះ លោក​ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​ភាគ​ឦសាន​ប្រទេស​ចិន ដើម្បី​ទទួល​ការ ហ្វឹកហ្វឺន​ជំនាញ​នៅ​ឯ​ក្រុមហ៊ុន​វិស្វកម្ម​យោធា​នៃ​ភាគ​ឦសាន ក្នុង​ខេត្ត​ហៃ​ឡុង​ជាំ​ង ដែល​មាន​រយៈពេល រហូតដល់​ទៅ ០៨​ឆ្នាំ​ឯណោះ​។​

​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៧ លោក​បាន​ត្រឡប់​មក​កាន់​ទីក្រុង​ប៉េកាំង​វិញ ដើម្បី​ទទួល​ការសិក្សា​ស្វែងយល់​បន្ត នៅឯ​នាយកដ្ឋាន​ភាសា​អាស៊ី និង​អាហ្វ្រិក នៃ​ទីក្រុង​ប៉េកាំង (BISU) ហើយ​លោក​ក៏​បាន​បញ្ចប់​បរិញ្ញាប័ត្រ​ភាសា​ជប៉ុន នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៨២​ថែម​ទៀត​។ ដោយឡែក​ភរិយា​របស់​លោក វ៉ាង យី គឺជា​កូនស្រី​របស់​លោក Qian Jaidong ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​អតីត​រដ្ឋាភិបាល​ចិន​ដឹកនាំ ដោយ​លោក ជូ អេង​ឡាយ (Zhou Enlai)​។​

​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៨៩ លោក វ៉ាង ត្រូវ​បាន​រដ្ឋាភិបាល​ចិន​បញ្ជូន​ឲ្យទៅ​ធ្វើ​ការងារ​នៅ​ស្ថានទូត​ចិន​ប្រចាំ ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន ដែល​មាន​អាណត្តិ ៥​ឆ្នាំ ហើយ​លោក​ក៏​បាន​ត្រឡប់​មក​កាន់​ប្រទេស​ចិន​វិញ នៅ​ខែ​មីនា ឆ្នាំ​១៩៩៤​។ ក្រោយពី​ធ្វើ​ការបំពេញ​ទស្សនកិច្ច និង​សិក្សា​បន្ថែម​នៅ​ក្រៅ​ប្រទេស​រួមទាំង សហរដ្ឋ​អាមេរិក​ផង​ដែរ ពី​ឆ្នាំ ១៩៩៤ ដល់ ១៩៩៩ លោក វ៉ាង ក៏​ត្រូវបាន​តែងតាំង​ជា​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០០១​។​

​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៤ លោក​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុនតែម្តង ដោយ​បាន​កាន់​តំណែងរ​ហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០០៧​។ នៅ​ខែ​មិថុនា ឆ្នាំ​២០០៨ លោក វ៉ាង យី បាន​ជំនួស​តំណែង​លោក ជិន យុន​លីន ក្លាយជា​នាយក​នៃ​ការិយាល័យ​កិច្ចកា​រកោះ​តៃវ៉ាន់ ដែល​ស្ថិតនៅក្រោម​ក្រុមប្រឹក្សារដ្ឋ​នៃ​សា​ធាណ​រដ្ឋ​ប្រជាមានិត​ចិន​។​

​រហូតមកដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៣ ក្រោយ​ការ​ឡើងកាន់​តំណែង​រប​ស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង លោក វ៉ាង ត្រូវបាន​តែងតាំង​ជា​ផ្លូវការ ក្លាយជា​រដ្ឋមន្ត្រី​ការបរទេស​ចិន ដោយ​មាន​ការគាំទ្រ​ពី សភា​ប្រជាជន​ចិន​។

លោក វ៉ាង នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។

ក្រោយពីមកដល់ភ្នំពេញ លោក វ៉ាង យី នឹងចូលបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ រដ្ឋមន្រ្តីការបរទេសចិន នឹងជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមេសា ហើយបន្ទាប់មកលោកនឹងជួបឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងបន្តជួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលរសៀល៕