(អាមេរិក)៖ យោងតាមឯកសារវិភាគថ្មីបានឲ្យដឹងថា សកម្មប្រយុទ្ធក្រុមឧទ្ទាម ISIS មានប្រភពមកពី ៧០ប្រទេស នៅក្នុងពិភពលោក ដោយក្នុងនោះភាគច្រើនគឺមកពីអារ៉ាប់ប៊ី សាអ៊ូឌី នេះបើយោងតាមការចេញផ្សាយ​របស់​សារ​ព័ត៌មាន News Week ចេញផ្សាយ នៅថ្ងៃទី២១ ខែមេសា។

ឯកសារសម្ងាត់នេះ ត្រូវបានផ្ដល់ដោយសកម្មប្រយុទ្ធក្រុមឧទ្ទាម ISIS ម្នាក់ដែលរត់ចោលជួរ ហើយបានយកមកលាតត្រដាង ដល់ស្ថានីយទូរទស្សន៍មួយ ហើយត្រូវបានផ្ទៀងផ្ទាត់ដោយបណ្ឌិតយោធាសភា​អាមេរិក West Point។

West Point បានបញ្ជាក់ថា ឯកសារដែលអតីតសកម្មប្រយុទ្ធ ISIS ផ្ដល់មកគឺដូចគ្នាទៅនឹងឯកសាររបស់ខ្លួន​ ៩៨ភាគរយ បើទោះបីជា​ឯកសារសម្ងាត់នោះ ភាគច្រើនជាងឯកសារចម្លងក្ដី។ សកម្មប្រយុទ្ធក្រុមឧ្ទាម ISIS ត្រូវបានគេដឹងថាគឺមានអាយុចាប់ពី ១២ ដល់៧០ឆ្នាំ ហើយក្នុងនោះភាគច្រើន​គឺមានអាយុ ២៦ ឬ២៧ឆ្នាំ។

ឯកសារសម្ងាត់ និងដ៏មានតម្លៃនេះ បានលាតត្រដាងបន្ថែមទៀតថា សកម្មប្រយុទ្ធ ISIS ភាគច្រើនមកពី អារ៉ាប់ប៊ីសាអ៊ូឌី (៥៧៩នាក់), ទុយនេស៊ី (៥៥៩នាក់), ម៉ូរ៉ូកូ (២៤០នាក់), តួកគី (២១២នាក់), អេហ្ស៊ីប (១៥១នាក់), រុស្ស៊ី (១៤១នាក់), បារាំង (៤៩នាក់), អាល្លឺម៉ង់ (៣៨នាក់) និងមកពីអង់គ្លេស ២៦នាក់៕