(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ថ្លែងថា ផ្ដើមចេញពីកត្តាភូមិសាស្រ្ត និងកត្តាវិទ្យាសាស្រ្តធ្វើឲ្យខេត្តកំពង់ចាម ប្រៀបបានទៅនឹងគ្រាប់ពេជ្រមិនទាន់កែច្នៃ ហើយកំពុងរង់ចាំអ្នកវិនិយោគជាច្រើន ចូលមកបណ្ដាក់ទុន។

ការបង្ហាញពីសក្តានុមពលរប ស់ខេត្តកំពង់ចាមនេះ បានធ្វើឡើងក្នុងជំនួបស្វាគមន៍សំណេះសំណាល ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជាលោក SUDIRMAN HASENG និងប្រតិភូអមដំណើរ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

ឆ្លើយតបទៅនឹងការស្វែងយល់អំពីសក្តានុពលក្នុងខេត្តកំពង់ចាម របស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា, លោក អ៊ុន ចាន់ដា បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយល្អ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលជាឱកាសដើម្បីយើងធ្វើការអភិវឌ្ឍន៍ផ្សេងៗ។

លោកអភិបាលខេត្ត បន្តថា «សម្រាប់សក្តានុពលខេត្តកំពង់ចាម គឺមិនខុសគ្នានឹងបណ្ដាខេត្តផ្សេងៗនោះទេ គ្រាន់តែខេត្តនេះ មានធនធានមនុស្សច្រើន និងមានភូមិសាស្ត្រជាប់ដងទន្លេមេគង្គ នៅជិតរាជធានីភ្នំពេញ ហើយក៏ជាតំបន់កណ្ដាល ផ្សាភ្ជាប់តំបន់សេដ្ឋកិច្ចផ្សេងៗទៀត ដែលឆ្លងកាត់»

បើតាមលោកអភិបាលខេត្ត បច្ចុប្បន្នខេត្តកំពង់ចាម មានរោងចក្រកាត់ដេរចំនួន ១៧កន្លែង កំពុងផ្ដល់ការងារដល់ប្រជាពលរដ្ឋជាង៣ម៉ឺននាក់ និងកំពុងដំណើរការយ៉ាងល្អ មានចំការកៅស៊ូ ដែលមានដីដែលមានជីជាតិ និងប្រភពទឹកគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋធ្វើការដាំដុះដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសផងដែរធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងជាលំដាប់។

ម្យ៉ាងទៀត ផ្ដើមចេញពីកត្តាភូមិសាស្រ្ត និងកត្តាវិទ្យាសាស្រ្ត ដែលធ្វើឲ្យខេត្តកំពង់ចាម ជាខេត្តមួយ ប្រៀបបានទៅនឹងគ្រាប់ពេជ្រដែលមិនទាន់ច្នៃ និងរង់ចាំអ្នកវិនិយោគជាច្រើនចូលមកបណ្ដាក់ទុន។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានផ្ដល់លក្ខណៈងាយស្រួលទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់ ការរក្សាឲ្យបាននូវរបៀបរបបធ្វើការងារ និងការផ្ដល់សេវា រដ្ឋបាលផ្សេងៗ ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគជាទីពេញចិត្តផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ៊ុន ចាន់ដា៕