(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អមដំណើរដោយ នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស បានអញ្ជើញពិនិត្យមើលការរៀបចំបុកគ្រឹះ ទីតាំងដាក់រូបសំណាក «ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ» ស្ថិតនៅសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទល់មុខមន្ទីរពេទ្យ មេគង្គកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់អំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សា ដោយផ្អែកទៅលើមូលដ្ឋាននៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នារួមមាន៖

*ទី១៖ រេចនាបថបាពួន
*ទី២៖ រេចនាបថអង្គរ
*ទី៣៖ រេចនាបថបាយ័ន។

បន្ថែមពីនេះទៀត លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ ឥរិយាបថ «សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យការដឹងគុណចំពោះសន្តិភាព» ដូចដែលបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងទទួលបានសុខសន្តិភាពបរិបូណ៌នេះ៕