(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បន្តបរិច្ចាគធុងសំរាមចំនួន ២១០ ធុង តាមរយៈគម្រោង «សហគមន៍ស្អាត» ដល់វិទ្យាល័យចំនួន ៥៨ បន្ថែមទៀត ក្រោយទើបបរិច្ចាគដល់សហគមន៍ក្នុងខណ្ឌដង្កោ និង វិទ្យាល័យចំនួន ៣៨ នៅរាជធានីភ្នំពេញ។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ខ្មែរ ប៊ែវើរីជីស នៅតែបន្តគម្រោង ”សហគមន៍ស្អាត” នេះ ព្រោះសាលារៀន គឺជាថ្នាលបណ្តុះបណ្ដាលធនធានមនុស្សមួយដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ជាពិសេសការបង្កើតទម្លាប់រស់នៅស្អាត និងមានអនាម័យនេះ»

ក្នុងឆ្នាំ២០២១ ក្រោមគម្រោង «សហគមន៍ស្អាត» បានបរិច្ចាគធុងសំរាមសរុបចំនួន ១០០០ធុង ដើម្បីលើកកម្ពស់បរិស្ថានសហគមន៍ស្អាត សណ្ដាប់ធ្នាប់ និងសោភណ្ឌភាពសាធារណៈ៕