Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប្រាយុទ្ធ ចាន់អូចា ចោទលោក ថាក់ស៊ីន ថាជាអ្នកដុតឲ្យមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល

21-04-2016 14:48

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ ដែលបានឡើងកាន់អំណាចដោយរដ្ឋ​ប្រហារយោធាលោក ប្រាយុទ្ធ ចាន់អូចា បានធ្វើការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីដែលកំពុង និរទេសខ្លួននៅឯក្រៅប្រទេសគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់  ថាជាអ្នកស្ថិតនៅពីក្រោយការតវ៉ាទ្រង់ទ្រាយតូចនានា ប្រឆាំងនឹង រូបលោកនៅទីក្រុងបាងកកក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ចាប់ពីអតីតមេបញ្ជាការយោធាលោក ប្រាយុទ្ធ ធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីតំណែងនាយករដ្ឋមន្ត្រីនោះ សន្តិសុខជាតិត្រូវបានរឹតបន្តឹង ជាពិសេសរដ្ឋាភិបាល យោធាបានហាមមិនឲ្យមានការជួបប្រជុំ ឬតវ៉ាអ្វីនោះឡើយ ដោយខ្លួនបានអះអាងថានឹងរៀបចំ សង្គមមួយនេះឡើងវិញ ដើម្បីត្រៀមធ្វើការបោះឆ្នោតជាថ្មីនៅឆ្នាំ ២០១៧។

ក៏ប៉ុន្តែចាប់តាំងពីថ្ងៃចន្ទ ដើមសប្តាហ៍នេះមក សកម្មជនមួយចំនួនបានប្រមូលផ្តុំនៅទីតាំងនានាក្នុង ទីក្រុងបាងកក ដោយបានសម្តែងការប្រឆាំងចំពោះសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញដែលរៀបចំឡើង ដោយយោធា ហើយក៏ពួកគេក៏បានប្រកាសគាំទ្រចំពោះអតីតនាយករដ្ឋមន្ត្រីថៃ ដែលធ្លាប់ប្រកែក ចំពោះការកែប្រែរដ្ឋធម្មនុញ្ញដោយយោធានោះដែរ៕