(រតនគិរី)៖ សព្វថ្ងៃគេសង្កេតឃើញ ឥវ៉ាន់ចាប់ហួយ ជាច្រើនប្រភេទ ដឹកចូលពី​ប្រទេសវៀតណាម តាមច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ សង្ស័យបង់​ពន្ធជូនរដ្ឋ មិនគ្រប់មកស្តុក​ទុកសម្រាប់​លក់ដុំរាយ ក្នុងឃ្លាំងមួយកន្លែង ជាប់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ ម្ចាស់ឃ្លាំងឈ្មោះ ពៅ ជាជនជាតិវៀតណាម បាននិយាយ​ថា គាត់ទិញពីឥវ៉ាន់ចាប់ហួយ ពីក្រុម​អាជីវករ​ ដែលដឹកមកលក់ឲ្យគាត់ ទោះបីទំនិញមានពន្ធ ឫអត់ពន្ធក៏ដោយ។

លោក ផន អនុប្រធានស្នាក់ការគយ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ថា ទំនិញចាប់ហួយរបស់ម្ចាស់ឈ្មោះពៅ មិនឆ្លង​កាត់​ច្រកទ្វារ​អន្តរជាតិអូរយ៉ាដាវនោះទេ តែលោកមិនបានឆ្លើយចំចំពោះឃ្លាំងស្តុកខាងលើនេះឡើយថា តើមានការបង់ពន្ធចូលរដ្ឋឬយ៉ាងណានោះ។ ចំណែកឯ នាយការិយាល័យ​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី លោក នូវ ដារ៉ា បានបញ្ជាក់ថា លោកមិនបានដឹងពីទំនិញដឹក​មកស្តុក​ទុកក្នុងឃ្លាំង​ខាងលើនោះទេ ប៉ុន្តែលោកនឹង​ដឹកនាំកម្លាំងចុះ​ទៅត្រួតពិនិត្យមើល​ដល់ឃ្លាំងជាក់​ស្តែងតែម្តង៕