(ភ្នំពេញ)៖ នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍

ផ្លូវគោក បានថ្លែងបញ្ជាក់ថា ក្រោយពីមានការរឹតបន្តឹងនូវច្បាប់ចររាចរណ៍ផ្លូវគោក ដើម្បីចូលរួមចំណែកកាត់បន្ថយបាននូវចំនួនគ្រោះថ្នាក់ចរាចរណ៍ អ្នករបួស និងអ្នក ស្លាប់ ដោយសារគ្រោះថ្នាក់ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៦២នាក់ និងអ្នករបួសថយចុះ ១ ១២០នាក់ បើធៀបនឹង ១១ខែ ឆ្នាំ២០២០។

នាយឧត្តមសេនីយ ហ៊ឹម យ៉ាន បានថ្លែងដូចនេះ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្សែភាពយន្តអប់រំរឿងខ្លី ស្តីពីសុវត្ថិភាពចរាចរណ៍ ដែលបានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខា ដោយមានការចូលរួមពី
លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងពត៌មាន, លោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក អេង គឹមហៃ ប្រធានសមាគម សហភាពយន្តនៃកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាយឧត្តមសេនីយ ហ៊ឹម យ៉ានបានថ្លែងដូចនេះថា «រយៈពេល១១ ខែឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចនេះគ្នា ក្នុងឆ្នាំ២០២០ យើងបានបន្តធ្វើឱ្យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស ចំនួនអ្នកស្លាប់ និងចំនួនអ្នករបួសថយចុះថែមទៀត គ្រោះថ្នាក់ថយចំនួន៥៣៣លើក ថយចំនួនអ្នកស្លាប់១៦២នាក់ និងថយចំនួនអ្នករបួសចំនួន ១១២០នាក់»។

នាយឧត្តមសេនីយ បានបន្ថែមថា សមិទ្ធផលដែលទទួលបាននេះ គឺបានមកពីការការរួមសហការរបស់ក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងព័ត៌មាន កងរាជអាវុធហត្ថ ព្រមទាំងការចូលរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងសិល្បករ សីល្បការិនី សង្គមស៊ីវិល បណ្តាញផ្សព្វផ្សាយនានា និងប្រជាពលរដ្ឋដែលបាន ចូលរួមគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការចំណត់យកការរឹតបន្តឹងច្បាប់ ស្តីពីចររាចរណ៍ផ្លូវគោកជាវិធានការអទិភាព ដែលបានទទួលលទ្ធផលល្អជាផ្លែផ្កា។

បន្ថែមពីនេះនាយឧត្តមសេនីយ ហ៊ឹម បានបញ្ជាក់ទៀត នៅត្រីមាសទី៤ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍បានកើនខ្ពស់ឡើងវិញ ដោយនៅថ្ងៃខ្លះមានអ្នកស្លាប់ រហូតដល់ ១២នាក់ ស្លាប់ជាក្រុម ស្លាប់ជាគ្រួសារបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ។ លោកថា ៣ត្រីមាសឆ្នាំ២០២១ ជាមធ្យមស្លាប់មួយថ្ងៃ៤នាក់ ដោយឡែកត្រីមាសទី៤នេះ ពលរដ្ឋស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាមធ្យមមួយថ្ងៃ៥នាក់ ហើយគ្រោះថ្នាក់នេះនឹងមិន អាចថមថយបានទេ បើសិនមិនមាន ផែនការច្បាស់លាស់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់នេះ។

នាយឧត្តមសេនីយ បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចររាចរណ៍ផ្លូវគោក ជាបញ្ហាប្រឈមយូរអង្វែងដែលទាមទារឱ្យប្រើប្រាស់វិធានការសរុប សម្លាំងសរុប មធ្យោបាយសរុប ដើម្បីរួមគ្នាដោះស្រាយវិបត្តិនេះ ហើយការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចររាចរណ៍ផ្លូវគោក គឺជាវិធានការដ៏សំខាន់មួយ ក្នុងចំណោមវិធានការដ៏សំខាន់ៗនានានៃវិស័យ សុវត្ថិភាពចររាចរណ៍ផ្លូវគោក ក្នុងអគ្គស្នងការនគរបាលជាតិ បានចូលរួមយ៉ាងសកម្មក្នុងការវិធានការទាំងនេះនៅគ្រប់កាលៈទេសៈជាពិសេស ខិតខំអប់រំផ្សព្វផ្សាយបង្ការ គ្រោះថ្នាក់ចរាចរណ៍តាមរយៈវិធីសាស្ត្រជាច្រើនរូបភាពផងដែរ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវ អនុក្រឹត្យស្តីពីការពិន័យអន្តរកាលណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រមួយចំនួន ដូចជាមាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងឲមាត្រា១៥ នៃក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ អនក្រ បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧៕