(ភ្នំពេញ)៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានលើកឡើងថា លោក សម រង្ស៉ី និងលោក កឹម សុខា គឺគ្មានសេចក្តីក្លាហានទេ ដើម្បីប្រកាសអំពីបេក្ខភាពមេដឹកនាំបន្តវេនដូច សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានោះទេ។

នៅក្នុងវីដេអូរបស់ខ្លួនដែលបង្ហាញទស្សនៈនយោបាយក្នុងសង្គមកម្ពុជា លោក គុជ លី បានលើកឡើងថា «លោក សម រង្ស៉ី និងលោក កឹម សុខា គ្មានសេចក្តីក្លាហានទេ ដើម្បីប្រកាសអ្នកបន្តវេនដូច សម្តេចតេជោ ហ៊ុន សែន ពីព្រោះលោក សម រង្ស៉ី និងលោក កឹម សុខា កំពុងនាំគ្នាដេកអោបខ្មោច CNRP ដើម្បីតែផលប្រយោជន៍រៀងៗខ្លួន។ សកម្មជន ឬអ្នកគាំទ្រណាជាប់គុក រត់ចោលស្រុកក៏អត់ខ្វល់ ឱ្យតែក្រុមអញរស់ទៅបានហើយ»។

លោក គុជ លី ចាត់ទុកថា ការបង្ហាញអំពីអនាគតបេក្ខភាពមេដឹកនាំថ្មីរបស់ គណបក្សប្រជាជនកម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាសកម្មភាពគំរូរបស់មេដឹកនាំចាស់ៗនៅកម្ពុជា។

លោក គុជ លី បានលើកឡើងថា លោក សម រង្ស៉ី និង លោក កឹម សុខា មិនបានធ្វើជាគំរូ ដល់ប្រជាពលរដ្ឋទេ។ លោកលើកឡើងទៀតថា«សូមឱ្យគាត់មានសេចក្តីក្លាហានដូច សម្តេចតេជោ ហ៊ុន សែន គឺទាំង លោក សម រង្ស៉ី និង លោក កឹម សុខា សូមប្រកាសអំពីអ្នកបន្តវេន ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពគ្រប់គណបក្សនយោបាយ តាមគោលការណ៍ប្រជាធិបតេយ្យ និងសេរីពហុបក្ស»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមខែធ្នូនេះ បានបង្ហើបអំពីការបម្រុងទុកអនាគតបេក្ខភាពនាយករដ្ឋមន្រ្តីចំនួន៤នាក់ របស់គណបក្សកាន់អំណាច ដោយក្នុងនោះមាន លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចផងដែរដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕