(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការឡោមព័ទ្ធក្រុមបក្ខពួកចោរប្លន់ ផ្ទះអ្នកលក់ឡេ ស៊ាន សៀវម៉ី ក្រោយពេលដែលជនសង្ស័យទាំងនេះ បានយករថយន្តដែលជិះធ្វើសកម្មភាពទៅប្លុងចោលនាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងអាវុធហត្ថ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ។

លោកបន្តថា ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ហើយសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាង។

បើតាមលោក សាន សុខសីហា បានបញ្ជាក់បន្ថែមថា ក្រោយការឡោមព័ទ្ធ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ (ស្រីម្នាក់) ហើយនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បាននាំខ្លួនយកទៅសួរនាំនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទទៀត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់អគ្គនាយកព័ត៌មាន Fresh News ថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយ ចំនួន១២នាក់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្តបន្ទាប់៕

សូមចុចទស្សនារូបភាពនៃការបង្ក្រាបក្រុមចោរប្លន់៖
https://t.me/freshnewsasia/79158