(ភ្នំពេញ)៖ មន្ដ្រីយោធាម្នាក់ដែលប្រើកាំភ្លើងបាញ់សត្វ ហើយបាញ់ខ្ទាតត្រូវក្មេងម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ នៅខណ្ឌកំបូល ត្រូវបានចៅក្រមជំនុំជម្រះលោកស្រី យ៉ិន ឈាណាវី សម្រេចដាក់ពន្ធនាគារត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ សាលក្រមកំបាំងមុខនេះ ត្រូវបានប្រកាសនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

មន្ដ្រីយោធារូបនេះឈ្មោះ ទុត សុគន្ធារ៉ា ឬ ឌុត សុគន្ធារ៉ា អាយុ៤១ឆ្នាំ ស្នាក់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈពេលប្រកាសសាលក្រមនេះ ជនជាប់ចោទនៅក្រៅឃុំ។

យោងតាមសាលក្រមរបស់លោកស្រី យ៉ិច ឈាណាវី បានឲ្យដឹងថា នៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ ទុត សុគន្ធារ៉ា (ស្ថិតនៅក្រៅឃុំ) ត្រូវបានជាប់ចោទចំនួន ២បទល្មើស គឺបទ «មនុស្សដោយអចេនា» និងបទ «ការកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតិ» តាមមាត្រា២០៧ (ដែលត្រូវផ្តន្ទាទោស ពី០៦ខែ ទៅ០៣ឆ្នាំ) និងមាត្រា ៤៩០ (ដែលត្រូវផ្តន្ទាទោស ពី០៦ខែ ទៅ០៣ ឆ្នាំ) នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា ជនជាប់ចោទត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីគាត់បានយកកាំភ្លើងបាញ់សត្វបាញ់ ដើម្បីជាល្បែងកម្សាន្ដលេង និងបណ្ដាលឲ្យក្មេងប្រុសរងគ្រោះឈ្មោះ សារឿន ប៊ុនថា អាយុ១៤ឆ្នាំ រស់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម ស្លាប់យ៉ាងអាណោមអាធម៌បំផុត ប្រៀបដូចសត្វលលកចំនួន១ក្បាល ដែលត្រូវបានគាត់ បាញ់ងាប់បន្សល់ទុកនៅក្បែរកុមារារងគ្រោះ។

ដោយឡែក ជនបង្កឈ្មោះ ទុត សុគន្ធារ៉ា ឬ ឌុត សុគន្ធារ៉ា ត្រូវបានតុលាការដោះលែងឲ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ត បន្ទាប់ពីឃុំខ្លួនក្នុងពន្ធនាគារអស់មួយរយ:ពេលខ្លី៕