(សៀមរាប)៖ គណៈកម្មការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសសមាសភាព បេក្ខភាពក្រុមប្រឹក្សាឃុំ បានដំណើរការរាប់សន្លឹកឆ្នោតទាំងអស់ ដែលបានមកពីការបោះឆ្នោតផ្ទៃក្នុង នៅតាមបណ្តាឃុំទាំង៦ នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ពិធីនេះធ្វើឡើង ក្រោយអធិបតីភាព លោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបន្ទាយស្រី និងជាប្រធានគណៈកម្មការផ្ទាល់ ដោយមានការចូលរួមពីតំណាងគណៈអចិន្ត្រៃយ៍បក្សស្រុក និងតំណាងក្រុមការងារចុះមូលដ្ឋានឃុំនីមួយៗ នៅក្នុងស្រុកផងដែរ។

ការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខភាព ដើម្បីត្រៀមយកទៅប្រកួតប្រជែងជាសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស ដោយឈរលើគោលការណ៍ឲ្យតម្លាភាព និងភាពស្មើគ្នា នៃឱកាសសម្រាប់រាល់យុវជន ស្ត្រី និងបុគ្គលដែលមានស្នាដៃនៅក្នុងបក្ស ដែលនឹងក្លាយទៅជាអ្នកដឹកនាំបន្តក្នុងអណត្តិថ្មីនៅថ្នាក់មូលដ្ឋានប្រកបដោយសមត្ថភាព និងឆន្ទៈខ្ពស់ ដើម្បីបន្តភាពរឹងមាំយូរអង្វែង នៃបេសកកម្មបម្រើប្រជាពលរដ្ឋក្រោមទង់ នៃគណបក្ស ដែលកើតចេញពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។

កម្មវិធីនេះប្រព្រឹត្តទៅពេញមួយថ្ងៃ និងត្រូវបានបញ្ចប់ដោយរលូននៅក្នុងល្ងាចថ្ងៃដដែល៕