(ភ្នំពេញ)៖ នៅសណ្ឋាគារភ្នំពេញ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអន្តរជាតិសម្រាប់ អភិវឌ្ឍន៍កសិកម្ម (IFAD) បានសហការរៀបចំសិក្ខា សាលាស្តីពីការត្រួតពិនិត្យការអនុវត្តគម្រោង និងការត្រួតពិនិត្យពាក់កណ្តាល អាណត្តិ លើផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍កម្ពុជា ២០១៣-២០១៨ ដែលជាផែនការយុទ្ធសាស្រ្ត ក្នុងការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា របស់IFAD។

សិក្ខាសាលានេះ ត្រូវបានដឹកនាំដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញ ចូលរួមពីតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីគម្រោងមកពីបណ្តាខេត្តនានា ព្រមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
សិក្ខាសាលានេះមានគោលបំណង (១)-ធ្វើការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកបទពិសោធន៍ អំពីកាលានុវត្តនិងភាពចន្លោះ ប្រយោងព្រមទាំងកំណត់ឡើងវិញ នូវបញ្ហាប្រឈមនានា ទាំងកម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដែលបានជួបប្រទះកន្លងមក ក្នុងការអនុវត្តទាំងនៅកម្រិតគម្រោង/កម្មវិធីនីមួយៗ ក៏ដូចជា កម្រិតក្របខ័ណ្ឌយុទ្ធសាស្រ្តភាព ជាដៃគូរទាំងស្រុង រវាងរាជរដ្ឋាភិបាល កម្ពុជាជាមួយ IFAD និង(២)-ធ្វើការវាយតម្លៃឡើងវិញ និងស្នើឡើងនូវវិធានការមុតស្រួចចាំបាច់នានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តទាំងកម្រិតគម្រោង/កម្មវិធីនីមួយៗ ក៏ដូចជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជា ២០១៣-២០១៨ បច្ចុប្បន្ន និងការរៀបចំ ផែនការ អភិវឌ្ឍន៍កម្ពុជាថ្មី ក្រោយឆ្នាំ២០១៨។

លោក វង្សី វិស្សុត បានថ្លែងថា កសិកម្មបាន និងកំពុងដើរតួនាទីសំខាន់ណាស់នៅក្នុងសេដ្ឋកិច្ចកម្ពុជា ជាពិសេសការកាត់បន្ថយ ភាពក្រីក្រ។ ប៉ុន្តែកំណើនរបស់វិស័យកសិកម្ម កំពុងស្ថិតក្នុងស្ថានភាពថមថយ ដោយសារបញ្ហាដែលមានចរិតជារចនាសម្ព័ន្ធមួយចំនួន ក្នុងខណៈវិស័យនេះ ក៏កំពុងទទួលរងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះលោករដ្ឋលេខាធិការបានស្នើសុំដល់ IFAD ដៃគូរពាក់ព័ន្ធ ពិសេសក្រសួងស្ថាប័ន ដែលម្ចាស់នៃគម្រោងផ្ទាល់ ត្រូវធ្វើឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិការណ៍សេដ្ឋកិច្ច-សង្គម របស់កម្ពុជាផង និងបរិការណ៍ដោយឡែក របស់វិស័យកសិកម្ម ដូចបានគូសបញ្ជាក់ពីខាងលើនេះផង តាមរយៈការគិតគូរពិនិត្យឡើងវិញ នូវគោលនយោបាយ និងការដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត។

លោក វង្សី វិស្សុត ក៏បានសម្តែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិង IFAD ដែលបាន ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦មក។ លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បើគិតពីទំហំហិរញ្ញប្បទានដែល IFAD បានផ្តល់ដល់កម្ពុជាគឺ មិនច្រើនណាស់ណាទេ ប៉ុន្តែអ្វីដែលសំខាន់គឺ IFAD ជាដៃគូមួយដ៏ល្អ ជាដៃគូអភិវឌ្ឍន៍ពិតប្រាកដ មានឯកទេសជំនាញច្បាស់លាស់ ជាពិសេសបានគោរពភាព ជាម្ជាស់របស់កម្ពុជា ហើយគ្មានរបៀបវារៈនយោបាយ នៅពីក្រោយខ្នង។ លោករដ្ឋលេខាធិការបានស្នើឱ្យ IFAD បន្តធ្វើការសម្របសម្រួលជាមួយដៃគូ ពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការបំពេញឱ្យគ្នាទៅវិញទៅមក និងបង្កើនតម្លៃបន្ថែមរបស់ គម្រោង។

គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ១៩៩៦ មក កម្ពុជាបានទទួលហិរញ្ញប្បទានពី IFAD ចំនួនប្រមាណ ១៤៣ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង ០៨ ក្នុងនោះ មានគម្រោងកំពុងដំណើរការចំនួន ០៣ និងគម្រោងដែលបានបញ្ចប់ចំនួន ០៥ ៕