(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានបិទបញ្ចប់បេសកកម្មប្រគល់-ទទួលជែលលាងដៃជាជំហានទី១ ជូនសាខាកាកបាទក្រហមកម្ពុជា និងក្រុមគ្រូពេទ្យជួរមុខ រាជធានី-ខេត្ត ចំនួន១៧ បន្ទាប់ពីទទួលបានអំណោយជាជែលលាងដៃ ពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីកន្លងទៅនេះ។

បេសសកម្មចុះប្រគល់ជែលលាងដៃជំហានទី១ ដែលប្រព្រឹត្ដទៅចំនួន២០ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្ដចំនួន ១៧នេះ ត្រូវបានបញ្ចប់នៅថ្ងៃនេះ ដែលខេត្ដចុងក្រោយ គឺខេត្ដកោះកុង និងខេត្ដបៃលិន ។នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងឱកាសអញ្ជើញប្រគល់ជែលលាងដៃ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្ដកោះកុង ដែលមានការចូលរួមពីលោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។

លោកស្រីអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកាកបាទក្រហមកម្ពុជា បានបិទបញ្ចប់បេសកកម្មប្រគល់ជែលជូនបណ្តាសាខា ទាំង១៧ ជាជំហានទី១ ស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបិទបញ្ចប់ទាំងស្រុងនូវ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» បន្ទាប់ពីកម្ពុជាយើង បានប្រឹងប្រែងប្រយុទ្ធយ៉ាងខ្លាំងក្លា អស់រយៈពេល ១០ខែកន្លងមកនេះ។

ទន្ទឹមនឹងនោះ លោកស្រីក៏បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តកោះកុង និងបណ្ដាខេត្ដទូទាំងប្រទេស ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ជាពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ និងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិយើងក្រោមម្លប់នៃសន្តិភាព។

លោកស្រី ម៉ែន នារីសោភ័គបានថ្លែងបន្ដថា «អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះប្រគល់ជែលលាងដៃទាំងអស់ ជូនដល់ សាខា-អនុសាខាកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យបង្អែក នៅទូទាំង២៥ រាជធានី-ខេត្ត ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺដើម្បីលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន»

លោកស្រីបានបញ្ជាក់ផងដែរថា កម្ពុជាយើងបានឆ្លងកាត់ការលំបាកនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ យើងបានឈានដល់ការអនុវត្តនូវយុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩» និង «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលតម្រូវឱ្យមានការចូលរួមជាសំខាន់ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការអនុវត្តយុទ្ធសាស្ត្រខាងលើនេះ ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍ រីកចម្រើន និងរក្សាបាននូវស្ថិរភាព សុខសន្តិភាព តាមគន្លងប្រក្រតីភាពថ្មី។

ព្រមជាមួយគ្នានោះដែរ លោកស្រី មិថុនា ភូថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រតិបត្តិករជួរមុខយកទៅប្រើប្រាស់ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។

ចំណែកលោកស្រី ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែបានគាំទ្រដល់សម្មភាពមនុស្សធម៌របស់សាខា ជាពិសេសសម្តេចតែងតែទំនុបបំរុងជាថវិកា និងសម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នាពេលកន្លងមក។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទទួលបានជែលលាងដៃចំនួន ៦០០កេស (ស្មើនឹង១២,០០០ដប) ក្នុងនោះប្រគល់ជូនសាខា ចំនួន២០៥កេស, ជូនមន្ទីរពេទ្យខេត្តកោះកុង ចំនួន២០កេស, ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៧ ចំនួន៣៥០កេស និងជូនសាលារៀននានាក្នុងទីរួមខេត្តកោះកុង ចំនួន២៥កេស។ ដោយឡែក កម្មវិធីប្រគល់-ទទួលជែល ចំនួន៧៤២កេស (ស្មើនឹង ១១,៨៧២ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដែលជាខេត្តទី១៧នោះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងលោកស្រី ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន។

គួររម្លឹកថា សាខាកាកបាទក្រហមកម្ពុជា ចំនួន១៧ ដែលទទួលបានជែលលាងដៃ ពីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា រួមមាន៖ រាជធានីភ្នំពេញ, ខេត្ដបាត់ដំបង, បន្ទាយមានជ័យ, ឧត្ដរមានជ័យ, ព្រះវិហារ, សៀមរាប, រតនៈគិរី, កំពង់ធំ, ព្រៃវែង, ស្វាយរៀង, កំពង់ចាម, ត្បូងឃ្មុំ, ស្ទឹងត្រែង, ក្រចេះ, ព្រះសីហនុ, កោះកុង និងខេត្ដបៃលិន៕