(កែប)៖ ប្រជាពលរដ្ឋរស់នៅទីរួមខេត្តកែប បានស្នើសុំទៅអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានជួយមានវិធានការណ៍ ទប់ស្កាត់សកម្មភាពការព្រលែងសត្វគោ ដើរពាសវាលពាសកាល ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចប្រឈមគ្រោះថ្នាក់ចរាចរណ៍ទៀតផង សម្រាប់អ្នកធ្វើដំណើរតាមដងផ្លូវ។

ប្រជាពលរដ្ឋម្នាក់ បានស្នើមកអង្គភាព Fresh News ឲ្យចុះផ្សាយពីករណីខាងលើ ដើម្បីដឹងដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធ គួរមានដំណោះស្រាយណាមួយ ចំពោះការព្រលែងសត្វគោដើរពេញម៉ាខេត្តនេះ ពីព្រោះពេលខ្លះវា ជុះអាចម៍តាមផ្លូវ ដើរចូលក្នុងផ្ទះគេផ្ទះឯងពេញទឹកពេញដី និងម្យ៉ាងទៀត អាចបណ្តាលឲ្យអ្នកជិះកង់ និងជិះម៉ូតូ បើកបុកជាមួយនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

បើតាមប្រជាពលរដ្ឋ សកម្មភាពព្រលែងសត្វគោ របស់ម្ចាស់គោ នៅទីរួមខេត្តនេះ បានកើតឡើងជាយូរណាស់មកហើយ តែអាជ្ញាធរមិនដែលបានមើលឃើញ និងការយកចិត្តទុកដាក់នោះទេ៕