(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ សូមជម្រាបជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរអង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនិងក្បាលដីទាំងអស់ មេត្តាចូលរួមពិនិត្យ លើទិន្នន័យមាននៅក្នុងឯកសារនៃការវិនិឆ្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ជាកំហិត នៅក្នុងបរិវេណវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្រោយពីគណៈកម្មការរដ្ឋបាល នៃក្រុមប្រតិបត្តិកម្មវិធី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន បានជូនដំណឹងយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីរដ្ឋបាលខណ្ឌឬស្សីកែវ បានទទួលសេចក្ដីជូនដំណឹងមួយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិឆ្ឆ័យ យោងអនុក្រឹត្យលេខ១២២ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៦ ស្ដីពីការកែសម្រួលមាត្រា៦ មានត្រា៧ និងមាត្រា១១ នៃអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ដីពីនិតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។

លោក ឯក ឃុនដឿន បញ្ជាក់ថា គណៈកម្មការរដ្ឋបាលនឹងដាក់ទីតាំងកន្លែងបិទផ្សាយបណ្ដោះអាសន្ន នៅក្នុងវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដើម្បីរងចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ ហើយបើផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុប លើទិន្នន័យទាំងនោះ ដើម្បីសំណើរសុំផ្ដល់សិទ្ធិលើអចលនវត្ថុ ទៅរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការសម្រេចចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចកនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់៕