(កណ្ដាល)៖ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់២នាក់ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ គឺផ្ដើមចេញពីរឿងគុំនុំកាប់ចាក់គ្នា ដែលស្ទាវមួយក្រុមខាងម៉ូតូគ្នាជាង១០នាក់ បានយកដាវសាម៉ូរ៉ៃកាប់ទៅភាគីម្ខាងទៀត ហើយភាគីម្ខាងទៀតរត់ទៅផ្ទះដើម្បីយកឡានដឹកគ្នាដែលរងរបួសដៃទៅពេទ្យ តែចៃដន្យឃើញភាគីខាងម៉ូតូ តាមផ្លូវក៏បើកបំបុកសម្លាប់តែម្ដង។

លោក ព្រហ្ម សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល ឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍នេះ កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបដឹងអំពីមូលហេតុ ច្បាស់លាស់ ខណៈមនុស្សជិត២០នាក់ ត្រូវបាននាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងចាត់បន្ដតាមនីតិវិធី ចពោះអ្នកដែលជាប់ពាក់ព័ន្ធ។

សូមជម្រាបថា ហេតុការណ៍ដំបូង មានយុវជនឲ៦នាក់បានស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ក្នុងករណីរថយន្ត TUNDRA មួយគ្រឿង បុករះម៉ូតូ៤គ្រឿង នៅតាមបណ្ដោយផ្លូវ១១០ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១២៖៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

នគរបាលរៀបរាប់ថា រថយន្តបង្កហេតុម៉ាក TUNDRA ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BM-4386 បើកបរដោយឈ្មោះ លី ចំណាន ហៅឌុន អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលបានបន្តថា ពេលបើកមកដល់កន្លែងកើតហេតុខាងលើ រថយន្តបានបុកជាមួយម៉ូតូចំនួន៤គ្រឿង ដែលមានទិសដៅផ្ទុយគ្នា រួមមាន៖

*ទី១៖ ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AB-9316 បើកបរដោយឈ្មោះ រស់ ប៊ុនលី អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នករួមដំណើរម្នាក់ ឈ្មោះ វ៉ាត ផានិត អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

*ទី២៖ ម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AF-5692 បើកបរដោយឈ្មោះ ផុន ភារ៉ា អាយុ២១ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នករួមដំណើរម្នាក់ឈ្មោះ ព្រំ មេសា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។

*ទី៣៖ ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1Y-5923 បើកបរដោយឈ្មោះ សឿន មាន អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នករួមដំណើរម្នាក់ឈ្មោះ បូ ប្រូវីន អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្លាប់ទាំង០៦នាក់ខាងលើនេះ។

*ទី៤៖ ម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាលេខភ្នំពេញ1DD-7096 បើកបរដោយ សុខ បញ្ញា អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ ជិន សុជាតិ អាយុ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មីជាមួយគ្នា របួសធ្ងន់ទាំង២នាក់ ត្រូវគ្រួសារយកទៅព្យាបាលនៅភ្នំពេញ៕