(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់អូស្ត្រាលី ចំនួន២.៣លានដូស ប្រភេទ Pfizer នឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃអាទិត្យ ទី២៦ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

តាមរយៈសារសំឡេងមួយប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «សង្ឃឹមថា ថ្ងៃអាទិត្យខាងមុខនេះ វ៉ាក់សាំងរបស់អូស្ត្រាលី Pfizer នឹងបញ្ជូនមកដល់កម្ពុជា នាយប់ថ្ងៃទី២៦ និងថ្ងៃទី២៨ ប្រមាណជា ២.៣លានដូសថែមទៀត»

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញទទួលជំនួយវ៉ាក់សាំងរបស់អូស្ត្រាលីនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយផ្ទាល់ផងដែរ។

កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។ ប្រទេសអូស្ត្រាលីជាប្រទេសទី៦ នៅក្នុងចំណោមប្រទេស ដែលបានផ្ដល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់ដល់ប្រទេសកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតាមរយៈយន្តការខូវ៉ាក់។

សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត មានចិន ជប៉ុន អង់គ្លេស អាមេរិក ហូឡង់ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ដើម្បីជាចំណែកទប់ស្កាត់នឹងការរាតត្បាតជំងឺកូវីដ១៩នេះ។

សម្ដេចបានគូសបញ្ជាក់បន្ថែមថា «ភាពស៊ាំនៅក្នុងសហគមន៍ អាចកាត់បន្ថយបាន និងការកាត់បន្ថយបាននូវការស្លាប់ ព្រោះដោយសារឥទ្ធិពលនៃវ៉ាក់សាំងនេះហើយ ទើបយើងកាត់បន្ថយបាននូវចំនួនឆ្លង ហើយបើឆ្លងហើយមិននាំទៅរកភាពធ្ងន់ធ្ងរ និងឈានទៅដល់ការស្លាប់នោះទេ»

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនៅមរណៈទុក្ខចំពោះក្រុមគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។ សម្ដេចបានចាត់ទុកថា នេះជារឿងគួរឲ្យសោកស្ដាយ ហើយដែលអ្នកស្លាប់ភាគច្រើនមានជំងឺរ៉ាំរ៉ៃ ហើយជាមនុស្សចាស់។

គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០,៤២៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦,៨០៣នាក់ និងស្លាប់សរុបចំនួន ៣,០០៥នាក់៕