(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យ លោក អាំផៃ ឃីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

ថ្លែងនៅក្នុងឱកាសនោះ លោក អាំផៃ ឃីនដាវង្ស បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាង ឆាប់រហ័សរបស់ប្រទេសកម្ពុជា បើទោះបីជារយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ។ ក្នុងនោះផងដែរ ប្រទេសកម្ពុជាក៏ជាប្រទេសដែលសម្បូរបែប ដោយសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌ ជាពិសេសប្រាសាទ អង្គរវត្ត និងប្រាសាទព្រះវិហារ។

លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ បានបង្ហាញឱ្យនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ តាមរយៈកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំតាមប្រព័ន្ធវីដេអូ។

ជាពិសេស ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលក្នុងនោះលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។

លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន។

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ឃើញថា សភានៃប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជា មួយគ្នាយ៉ាងល្អប្រសើរ ជាពិសេសទំនាក់ទំនងរវាងក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភាឡាវ។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អធ្វើឱ្យបេសកកម្មការទូតរបស់ លោកនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ។ លោកសង្ឃឹមថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងនៅតែបន្តផ្តល់ការគាំទ្រដល់ឯកអគ្គរដ្ឋទូតថ្មី និងស្ថានទូតឡាវប្រចាំកម្ពុជាបន្តទៀត។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា ប្រកបដោយជោគជ័យ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃ ប្រទេសទាំងពីរដែលមានតាំពីយូរលង់ណាស់មកហើយ។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា លោកឯកអគ្គរដ្ឋទូត និងស្ថានទូតឡាវប្រចាំកម្ពុជា មានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ។ មុនពេលមានវិបត្តិជំងឺកូវីដ-១៩នេះ ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាមក្រសួងមន្ទីរ និងប្រជាជន នៃប្រទេសទាំងពីរ តែងតែបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ ហើយប្រទេសទាំងពីរបាន គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការតំបន់ និងអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណររគុណចំពោះ លោកឯកអគ្គរដ្ឋទូត និងស្ថានទូតឡាវ ដែលបានជួយបង្ក លក្ខណៈឱ្យព្រឹទ្ធសភាកម្ពុជា មានទំនាក់ទំនង និងសហប្រតិបត្តិការល្អជាមួយនឹងរដ្ឋសភាឡាវ។ ក្រុមមិត្តភាពព្រឹទ្ធ សភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភាឡាវ បានធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អលើស កម្មភាពយ៉ាងច្រើន ដូចជាការផ្លាស់ប្តូរសិល្បៈ វប្បធម៌ និងសារលិខិតអបអរសាទរទៅវិញទៅមកក្នុងឱកាសបុណ្យ ជាតិនៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ ដែលបានចូលរួម និងគាំទ្រកិច្ចប្រជុំ ក្នុងក្របខណ្ឌភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងសន្និសីទលើកទី៨ នៃគណៈកម្មការការបរទេសនៃសភា កម្ពុជា-ឡាវ-វៀតណាម ដែលសភាកម្ពុជាធ្វើជាប្រធានដឹកនាំ។ សម្តេចមានជំនឿជឿជាក់ថា រដ្ឋសភាឡាវនឹងបន្តគាំទ្រ និងជ្រោមជ្រែងសភាកម្ពុជា ជាប្រធានប្តូរវេននៃអន្តរសភាអាស៊ាន លើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការត្រៀមខ្លួន ដើម្បីធ្វើកិច្ចសហ ប្រតិបត្តិការដ៏ល្អជាមួយនឹងឯកអគ្គរាជទូតឡាវថ្មី និងស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា។

តាមរយៈលោកឯកអគ្គរដ្ឋទូត សម្តេចបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសេចក្តីគោរពរាប់អាន និងនឹករលឹកដ៏ជ្រាលជ្រៅ។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឋិតថេរចីរកាល៕