(បាត់ដំបង)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងចំពោះការសាយភាយគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីឧក្រិដ្ឋជនបានយកកម្ពុជា ធ្វើជាទីតាំងកែច្នៃ និងផលិតគ្រឿងញៀន ហើយនាំចេញទៅក្រៅប្រទេស។

ការព្រួយបារម្ភបានកើតមានឡើង បន្ទាប់កម្លាំងនគរបាលកម្ពុជា បង្ក្រាបទីតាំងលួចកែច្នៃគ្រឿងញៀនដ៏ធំមួយកន្លែង នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។ ការបង្ក្រាបកន្លែងកែច្នៃគ្រឿងញៀនដ៏ធំនោះ សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនកែច្នៃរួច បម្រុងនាំចេញទៅក្រៅប្រទេសជាង ២តោន។

ក្នុងពិធីសម្ពោដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលទទួលពលករនៅព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញនូវការព្រួយបារម្ភលើបញ្ហាគ្រឿងញៀននេះយ៉ាងដូច្នេះ «បញ្ហាគ្រឿងញៀន និន្នាការនៃការចរាចរណ៍គ្រឿងញៀននៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ អនុតំបន់ មិនមានថមថយទេ ជាពិសេសគឺគ្រឿងញៀនសំយោគ ដែលគ្រឿងញៀនសំយោគនេះ ជាប្រភេទសារធាតុញៀន ដែលគេផ្សំឡើងដោយសារធាតុគីមីផ្សេងៗ ដែលពិបាកក្នុងការត្រួតពិនិត្យ។ យើងទើបចាប់បានប្រមាណ ២តោនជាង នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាបញ្ហា។ [...] ពីមុនប្រទេសកម្ពុជា គ្រាន់តែឆ្លងកាត់ ឥលូវវាមិនមែនឆ្លងកាត់វាទៅជាផលិតផង។ ខ្ញុំមានការបារម្ភណាស់ ប្រសិនបើយើងមិនរួមគ្នា មិនគាំទ្រគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងត្រូវតែឯកភាពគ្នាគាំទ្រ ព្រោះនេះជាបញ្ហាធំណាស់សម្រាប់ជាតិ»

ឆ្លើយតបនឹងការវិវឌ្ឍថ្មីរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដោយយកប្រទេសកម្ពុជាធ្វើជាកន្លែងកែច្នៃគ្រឿងញៀន ក្រោមរូបភាពរោងចក្រកែច្នៃជី ឬផលិតផលកសិកម្មផ្សេងៗនោះ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនាពេលកន្លងទៅ សម្តេចបានស្នើឱ្យក្រសួងស្ថាប័ន ដែលជាអ្នកមានសិទ្ធិចេញអាជ្ញាប័ណ្ណ ត្រូវចូលរួមសហការ ឬធ្វើជាប្រធានតែម្ដង នៅពេលចុះបង្ក្រាបទីតាំង ដែលមានការសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «គ្រឿងញៀនសំយោគនេះ មានផលពិបាកក្នុងការគ្រប់គ្រងដោយសារវាផ្សំចេញពីសារធាតុគីមី ហើយពួកឧក្រិដ្ឋជន នាំចូលសារធាតុផ្សំនោះបន្ដិចៗ ក្រោមរូបភាពកែច្នៃជាជីកសិកម្មជាដើម លុះនៅពេលនាំចូលគ្រប់មុខ បែរជាមិនផលិតជី ទៅជាផលិតគ្រឿងញៀនវិញ។ ជាក់ស្ដែងដូចការបង្ក្រាបនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រកឃើញសារធាតុផ្សំ ជាង៨០តោន»

សម្ដេចក្រឡាហោម ស ខេង ដែលមានតួនាទីជា ប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែរនោះ បានសង្កត់ធ្ងន់ថា ប្រសិនបើមិនមានការចូលរួមគាំទ្រ សហការ ឬឯកភាពគ្នាដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនទេនោះ វានឹងក្លាយជាបញ្ហាធំណាស់សម្រាប់ជាតិ ក្រៅពីការខូចកិត្យានុភាពនៅលើឆាកអន្ដរជាតិ គឺប៉ះពាល់ដល់ធនធានមនុស្សរបស់កម្ពុជាតែម្ដង នៅពេលគ្រឿងញៀនកាន់តែរីកសាយភាយ។

បើតាមសម្ដេចក្រឡាហោម ស ខេង ពិតណាស់ កម្ពុជាមិនចង់ឱ្យបញ្ហាគ្រឿងញៀននេះ កាន់តែរីកសាយភាយ រហូតហួសពេលដូចនៅបណ្ដាប្រទេសមួយចំនួន ដែលឈានដល់ការសម្លាប់ចោលក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះទេ។ សម្ដេចចាត់ទុកថា ការសម្លាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះ គឺជាជម្រើសចុងក្រោយ ប៉ុន្ដែមិនមែនមានន័យថា សម្ដេចគាំទ្រឲ្យមានការសម្លាប់ ដែលសម្ដេចចង់មានន័យថា មិនត្រូវទុកឲ្យកម្ពុជាធ្លាក់ចូលស្ថានការណ៍បែបនោះឡើយ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងដែរថា បច្ចុប្បន្នអ្នកជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ នៅទូទាំងប្រទេសមានប្រមាណ ៣៨,០០០នាក់ ក្នុងនោះមាន ៥១ភាគរយ ជាអ្នកទោសគ្រឿងញៀន។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំបែកសំណុំរឿងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយករណី ដែលក្រុមឧក្រិដ្ឋជនបម្រុងនាំចេញទៅក្រៅប្រទេស បានដោយជោគជ័យ និងឈានទៅដល់ការរឹបអូសគ្រឿងញៀនប្រភេទ កេតាមីន (ម្ស៉ៅខេ) សរុបជាបន្ដបន្ទាប់ ជាង២តោន ខណៈសារធាតុគីមីផ្សំរហូតដល់ ៨០តោន។

ការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំដែលមិនធ្លាប់មាននៅកម្ពុជា កម្លាំងនគរបាលជំនាញ បានចាប់ខ្លួនក្រុមឧក្រិដ្ឋជន ដែលសុទ្ធតែជាមេក្លោងចំនួន៤នាក់ ក្នុងនោះម្នាក់ស្លាប់ ដោយសារការប៉ះទង្កិចគ្នាដោយអាវុធមួយប្រាវ ពេលកំពុងប្រតិបត្តិការបង្ក្រាប នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា (ផ្លូវបំបែកស្រែអំបិល) ខេត្តព្រះសីហនុ។

ពាក់ព័ន្ធការជួញដូរគ្រឿងញៀននេះ ទោះបីកម្លាំងសមត្ថកិច្ចបង្ហាញការប្តេជ្ញាចិត្តខ្ពស់យ៉ាងណាក្តី តែការចរាចរណ៍គ្រឿងញៀននៅតែស្ថិតក្នុងកម្រិតខ្ពស់គួរឱ្យបារម្ភ។ របាយការណ៍បង្ហាញថា គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសគ្រឿងដែលបានបង្ក្រាបមានចំនួនសរុប ៦,០៣៣ករណី ក្នុងនោះឃាត់មនុស្ស ១៣,២៧១នាក់ ស្រី ៧៧៧នាក់ (ជនបរទេស៣៦២នាក់ ស្រី៤៥នាក់ មាន១៣សញ្ជាតិ) និងរឹបអូសគ្រឿងញៀន បានជាង៤តោន។ ក្នុងចំណោមបទល្មើសដែលបង្ក្រាបបាន មានជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ៤,២៧១ករណី, ប្រើប្រាស់ ១,៧២៧ករណី និងអនុវត្ដដីកា ៤៧៨ដីកា៕