(កំពង់ឆ្នាំង)៖ កម្មវិធីប្រឡងដាល់អំបុកខ្មែរថែប្រពៃណីជាតិ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រៀបចំឡើងដោយលោកឧកញ៉ា អ៉ឹង ប៊ុនហូវ និងលោកស្រី រួមទាំងក្រុមគ្រួសាររបស់លោកឧកញ៉ា និងក្រុមការងារ ដែលមានការចូលរួមពីបេក្ខជនបេក្ខនារីមកពីក្រុមសិល្បៈ នៃក្រសួងវប្បធម៌ និងលោកគ្រូ អ្នកគ្រូ នៅក្នុងខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណ៥០០នាក់។

លោកឧកញ៉ា អុឹង ប៊ុនហូវ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ធ្វើជាម្ចាស់កម្មវិធីប្រឡងដាល់អំបុកខ្មែរថែប្រពៃណីជាតិ បានថ្លែងថា លោកបានទិញដីនៅចំណុចភូមិដំណាក់កកោះនេះ ពីប្រជាពលរដ្ឋបានចំនួន១១២ហិកតា លោកនឹងបន្តទិញបន្ថែមទៀត ឲ្យបានដីសរុបចំនួន១២០ហិកតា។ ចំពោះចក្ខុវិស័យរបស់លោក និងរៀបចំតំបន់នេះឲ្យក្លាយ ទៅជាមជ្ឈមណ្ឌលវិបស្សនាធុរៈ កសាងកុដិកសាងសាលា ឆាន់ កសាងសាលាពុទ្ធិកសិក្សា ដើម្បីលើកស្ទួយវិស័យព្រះ ពុទ្ធសាសនាដែលជាសាសនារបស់ជាតិ។

ជាមួយគ្នានេះដែរ លោកនឹងរៀបចំតំបន់នេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ព្រោះថាតំបន់នេះ គឺជាតំបន់ភ្នំទូកមាស ដែលមានព្រៃឈើធម្មជាតិដ៏ស្រស់បំព្រង ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ដបានច្រើន ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍ និងឃុំច្រណូក នៃស្រុកកំពង់លែង ឲ្យមានជីវភាពធូរធារ។

នៅពេលប្រមុខរាជរដ្ឋាភិបាលធ្វើស្ពានឆ្លងទន្លេកាត់ស្រុកកំពង់លែង ក្នុងពេលខាងមុខនេះ តំបន់នេះនឹងអាចក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ព្រោះថាតំបន់នេះក៏មានប្រាសាទបុរាណជាច្រើន ដែលជាស្នាដៃរបស់ដូនតាខ្មែរយើង បានបន្សល់ទុក ដូចជាប្រាសាទពណ្ណ រាយនៅក្នុងឃុំច្រណូកជាដើម។

លោកឧកញ៉ា បានបន្តថា ដូច្នេះដើម្បីផ្សព្វផ្សាយនៅផែនការខាងលើនេះ លោកក៏បានផ្ដួចផ្ដើមរៀបចំកម្មវិធីប្រឡងដាល់ អំបុកខ្មែរ ថែប្រពៃណីជាតិ ក្នុងគោលបំណងជួយថែរក្សាមរ តកវប្បធម៌របស់ដូនតា ឲ្យកូនខ្មែរជំនាន់ក្រោយបានយល់បានស្គាល់អំពីការច្រូតស្រូវ យកមកបោកបែន រោយអុំ ដើម្បីយកស្រូវល្អមកដាល់អំបុកហូប។

គណៈកម្មាការរៀបចំកម្មវិធីប្រឡងដាល់អំបុកនេះ បានឲ្យដឹងថា កម្មវិធីប្រឡងមានរយៈពេល២ថ្ងៃ ចែកចេញជា៣ វគ្គ គឺវគ្គទី១ នៅថ្ងៃទី១៨ បេក្ខជនបេក្ខនារីក្រុមសិល្បៈត្រូវប្រ ឡងច្រូតស្រូវ និងចងកណ្ដាប់ នៅក្នុងស្រែនៃភូមិសំបកកន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស។

វគ្គទី២ នៅព្រឹកថ្ងៃទី១៩ បេក្ខជន និងបេក្ខនារី ត្រូវប្រឡងបោកស្រូវ អុំ និងរែងស្រូវ ដើម្បីយកគ្រាប់ស្រូវល្អៗ ត្រៀមទុកដាល់អំបុក។ វគ្គទី៣ នៅរសៀលថ្ងៃទី១៩ បេក្ខជន បេក្ខនារី ចំនួន៥ក្រុម ត្រូវប្រឡងដាល់អំបុក ដើម្បីយកពានរង្វាន់របស់លោកឧកញ៉ា អ៉ឹង ប៊ុនហូវ ដែលមានគណៈកម្មាការវាយតម្លៃឲ្យពន្ទុយ៉ាងសុក្រឹត ដូចជាការច្រូតស្រូវក្នុងស្រែមិនឲ្យជ្រុះគួរស្រូវ ចេះចងកណ្ដាប់ត្រឹមត្រូវទៅតាមទម្លាប់កសិករ, ការបោកស្រូវឲ្យអស់ពីកណ្ដាប់ ការអុំ ការស្ទៃស្រូវឲ្យអស់សំដីស្រូវ, ការលីងស្រូវឲ្យបានឆ្អិនល្មម ដើម្បីដាល់អំបុកឲ្យបានឆ្អិនល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់។

ចំពោះលទ្ធផល នៃការប្រឡងដាល់អំបុកខ្មែរថែប្រពៃណីជាតិក្នុងកម្មវិធីនេះ គឺលេខ១ ទទួលបានពានរង្វាន់នូវថវិកាចំនួន២,០០០ដុល្លារ, លេខ២ ទទួលបាន១,៥០០ដុល្លារ ,លេខ៣ ទទួលបាន ១,០០០ ដុល្លារ និងលេខ៤ទទួលបាន៣០០ដុល្លារ ពីលោកឧកញ៉ា អ៉ឹង ប៊ុនហូវ។

នៅក្នុងពេលប្រគល់ពានរង្វាន់ជ័យលាភីដល់បេក្ខជន បេក្ខនារី លោកឧកញ៉ា អ៉ឹង ប៊ុនហូវ បានឲ្យដឹងថា កម្មវិធីប្រលងដាល់អំបុកខ្មែរថែប្រពៃណីជាតិនេះ ប្រសិនបើមានការគាំទ្រពីប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន លោកអាចនឹងបន្តធ្វើនៅឆ្នាំក្រោយៗជាបន្តបន្ទាប់ទៀត ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងអំពីការច្រូតស្រូវ បោកស្រូវ និងបុកអំបុកដោយប្រើត្បាល់ និងអង្រែជាដើម៕