Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ហាក់ដូចជារងការឈឺចាប់ ពីការដាក់ទណ្ឌកម្ម ខណៈត្រៀមខ្លួនបាញ់សាកល្បងអាវុធនុយក្លែអ៊ែរលើកទី៥

21-04-2016 12:47

(សេអ៊ូល)៖ កូរ៉េខាងជើង ហាក់បីដូចជារងការឈឺចាប់ ស្ថិតនៅក្រោមទម្ងន់នៃការពង្រីកទណ្ឌកម្មអន្តរជាតិ ប្រឆាំងនឹងរបបផ្តាច់ការ របស់ខ្លួន នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ។

លោក Yun Byung-se បានឲ្យដឹងនៅក្នុងវេទិកាមួយ ដែលប្រារព្ធឡើងដោយអតីតនិស្សិតសាកលវិទ្យាល័យសេអ៊ូល National University ថា «សញ្ញាជាច្រើនបានបង្ហាញថា កូរ៉េខាងជើង កំពុងទទួលរងការឈឺចាប់ ដោយសារទណ្ឌកម្មដ៏ខ្លាំងបំផុត ពីក្រុមប្រឹក្សាអង្គការ សហប្រជាជាតិ និងបណ្តាប្រទេសដទៃ»។

លោកបានសង្កត់ធ្ងន់ថា ថ្មីៗនេះសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានប្រមានថា អាចនឹងមានគ្រោះ
«Arduous March» ជាលើកទី២  ដែលអំឡុងគ្រោះយ៉ាងធ្ងន់ធ្ងរមួយ បានសម្លាប់មនុស្សប្រមាណ ២លាននាក់ នៅពាក់កណ្តាល ទសវត្សឆ្នាំ១៩៩០ ខណៈប្រទេសកុម្មុយនីស្តមួយនេះ ជួបបញ្ហានយោបាយសេដ្ឋកិច្ច, រងគ្រោះទឹកជំនន់ និងការដាក់ដាច់ដោយឡែក ពីអន្តរជាតិ បន្ទាប់ពីមានការដួលរលំនៃសហភាពសូវៀត នៅក្នុងឆ្នាំ១៩៩១។

កូរ៉េខាងជើងបានឲ្យដឹងដែរថា ទណ្ឌកម្មចុងក្រោយរបស់អង្គការ UN គឺជាទណ្ឌកម្មយ៉ាងព្រៃផ្សៃ និងមិនធ្លាប់មាន នៅក្នុងរយៈពេល៧០ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់អង្គការ UN។ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មកាលពីខែមុន បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានសាកល្បងអាវុធនុយក្លេអ៊ែលើកទី៤របស់ខ្លួន ក្នុងខែមករា និងបានបាញ់គ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយ នៅក្នុងខែកុម្ភៈ
ដោយវាបានបំពាននឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ដែរថា កូរ៉េខាងជើង នៅតែបន្តទង្វើរបស់ខ្លួន ជាមួយនឹងគោលបំណងចង់បាញ់ គ្រាប់មីស៊ីលរយៈចម្ងាយ មធ្យមមួយ កាលពីសប្តាហ៍មុន និងទំនងជាកំពុងរៀបចំ សម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែជាលើកទី៥របស់ខ្លួន នៅពេលឆាប់ៗ ខាងមុខនេះ៕