(ភ្នំពេញ)៖ អាជ្ញាសាលា កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានអនុវត្តដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យស្រាវជ្រាវពីស្ថានភាពបច្ចុប្បន្ន នៃអចលនទ្រព្យរបស់ លោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែលើ ដែលជាអតីតទីស្នាក់ការនៃអតីតគណបក្សសង្រ្គោះជាតិ។

ការអនុវត្តដីការសម្រេចបង្គាប់ឲ្យ ស្រាវជ្រាវស្ថានភាពបច្ចុប្បន្ននៃអចលនៈវត្ថុ លោកសម រង្ស៊ី នៅផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ ដឹកនាំដោយ លោក ទៀង សោភ័ណ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ និង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រួមទាំងកម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ និងអាជ្ញាធរភូមិសង្កាត់ផងដែរ។

សូមបញ្ជាក់ថា ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចដាក់លក់ដោយបង្ខំនូវផ្ទះរបស់ លោក សម រង្ស៉ី ដែលជាអតីតទីស្នាក់ការកណ្តាល នៃអតីតគណបក្សសង្រ្គោះជាតិ ដើម្បីអនុវត្តតាមអំណាចសាលក្រម សាលដីកាស្ថាពរ យកទៅសងសំណងផ្នែករដ្ឋប្បវេណី និងប្រាក់ពិន័យតាមច្បាប់។

ការសម្រេចដាក់លក់ដោយបង្ខំផ្ទះលោក សម រង្ស៉ី នៅសង្កាត់ចង្រែ ខណ្ឌមានជ័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសំណើសុំឱ្យអនុវត្តវិធានបង្ខំដោយផ្ទាល់ របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំង៤ និងបណ្តឹងរបស់អយ្យការអមសាលាដំបូងភ្នំពេញចំនួន៤សំណុំរឿងទៀត បន្ទាប់ពីភាគីអ្នកចាញ់ក្តី មិនបានបំពេញកាតព្វកិច្ចសងសំណង តាមសាលក្រម សាលដីកាស្ថាពរ កាលពី៣ឆ្នាំមុន និងសាលក្រមស្ថាពរ ជាបន្តបន្ទាប់ទៀត។

ដើមបណ្តឹងរដ្ឋប្បវេណី រួមមាន៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមេធាវីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ប្តឹងដោយមេធាវីតំណាងរបស់សម្តេចតេជោ ហ៊ុន សែន, តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ៤០០០លានរៀល។ សាលដីកាស្ថាពរសំណុំរឿងនេះចេញដោយតុលាការកំពូលនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

សម្រាប់ក្នុងសំណុំប្តឹងដោយមេធាវីតំណាងរបស់សម្តេច ហេង សំរិន តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ៤ពាន់លានរៀល។ សាលដីកាស្ថាពរសំណុំរឿងនេះ ចេញដោយតុលាការកំពូលនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ថែមពីនេះក្នុងសំណុំរឿងប្តឹងដោយមេធាវីតំណាងសម្តេចក្រឡាហោម ស ខេង, តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ២ពាន់លានរៀល។ សាលក្រមស្ថាពរសំណុំរឿងនេះ ចេញដោយសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

ដោយឡែក ក្នុងសំណុំរឿងប្តឹងដោយមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា, តុលាការបានបង្គាប់ឱ្យលោក សម រង្ស៉ី សងជំងឺចិត្តចំនួន ១៨០០លានរៀល។ សាលក្រមស្ថាពរសំណុំរឿងនេះ ចេញដោយសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

«តាមដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ» ទាំង៤ ចេញដោយ លោក អ៉ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ដូច្នេះថា៖ «យោងលើឯកសារចម្លងយថាភូត នៃលិខិតអនុវត្តដែលមានអានុភាព ដើម្បីអនុវត្តលើបំណុលខាងលើគប្បីតុលាការសម្រេច តាមពាក្យសុំរបស់ម្ចាស់បំណុលនៃការអនុវត្តតាមមាត្រា៣៥០.២.ក នៃក្រមនីតិវិធីរដ្ឋប្បវេណី»ហេតុដូច្នេះសម្រេច៖

១៖ ចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ,
២៖ រឹបអូសអចលនវត្ថុ មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត ឈ្មោះ សម រង្ស៊ី និងប្រពន្ធឈ្មោះ ជូឡុង សូមួរ៉ា ដើម្បីយកប្រាក់មកទូទាត់បំណុលឱ្យម្ចាស់បំណុលនៃការអនុវត្ត រហូតដល់គ្រប់ចំនួន៕