(ជ្រោយបន្ទាយ-ព្រែកប្រសព្វ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារខេត្តក្រចេះ និងសហការីបានចុះទៅជួបប្រជុំជាមួយមន្ត្រីមូលដ្ឋានក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដើម្បីពិនិត្យពិភាក្សាការត្រៀមរៀបចំប្រារព្ធសន្និបាតគណបក្សឃុំនៅខែក្រោយ សំដៅបន្តជំរុញអនុវត្តផែនការកំណត់តាមជំហានការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។

កិច្ចប្រជុំការងារនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នាបរិវេណវត្តសម្ដេចព្រះនាគសែន ស្ថិតក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត លោកស្រី អស់លោកជាប្រធាន អនុប្រធានក្រុមការងារស្រុក មេឃុំ និងប្រធានក្រុមការងារឃុំទាំង៨ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណសាខាបក្សភូមិទាំង១២ រួមជាមួយមន្ត្រីមូលដ្ឋានមួយចំនួនទៀត សរុបអ្នកចូលរួមមានជាង ៣០០នាក់។

ក្រោយពីបានស្ដាប់របាយការណ៍របស់លោក ប៉ិច ងន់ស្រ៊ឺ មេឃុំជ្រោយបន្ទាយពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ និងការចូលរួមយោបល់របស់តំណាងអង្គប្រជុំមួយចំនួន ទៅលើការងារដែលសំរេចបានកន្លងមកមានជាអាទិ៍ ការកែសម្រួលរចនាសម្ព័ន្ធ ដើម្បីពង្រឹងការធ្វើបច្ចុប្បន្នភាពសមាជិក ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនល្អ និងការជំរុញខ្លាំងក្លា ចលនាសកម្មភាពជាអំពើល្អនៅមូលដ្ឋាន ព្រមទាំងបញ្ហាប្រឈមជាក់ស្ដែងមួយចំនួនរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះបានថ្លែងមតិទៅកាន់អង្គប្រជុំ ដោយសង្កត់ធ្ងន់ពីកិច្ចការសំខាន់ៗ ដែលត្រូវប្រមូលផ្ដុំអនុវត្ត សំរាប់ការត្រៀមរៀបចំសន្និបាតគណបក្សឃុំ នាពេលខាងមុខរួមមាន៖

១៖ ផ្អែកលើមូលដ្ឋាននៃការត្រួតពិនិត្យវាយតម្លៃសមិទ្ធផលដែលឃុំសំរេចបានរយៈពេល ៥ឆ្នាំកន្លងមក រួមទាំង បញ្ហាប្រឈម ត្រូវដកស្រង់ពិសោធន៍ ដើម្បីជំនះពុះពារ និងបន្តជំរុញចលនាសកម្មភាពជាក់ស្ដែង សំដៅពង្រឹងប្រៀបនយោបាយ និងកំលាំងនយោបាយរបស់គណបក្សយើងនៅមូលដ្ឋាន។

២៖ ផ្អែកលើគោលនយោបាយអភិវឌ្ឍឃុំ សង្កាត់រយៈពេល ៥ឆ្នាំ (២០២២-២០២៧) របស់គណបក្ស ត្រូវកសាងផែនការសកម្មភាពសំរាប់ការអភិវឌ្ឍឃុំ ឱ្យស្របនឹងស្ថានភាពជាក់ស្ដែងនៃឃុំសង្កាត់របស់ខ្លួន។

៣៖ បេក្ខជនដែលត្រូវបានជ្រើសរើសសំរាប់ចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ ត្រូវធ្វើជាគំរូឈានមុខក្នុងការ ជំរុញយ៉ាងសកម្មនូវចលនាសកម្មភាពជាក់ស្ដែងជាអំពើល្អ នៅមូលដ្ឋាន ពិសេសគឺប្រមូលកំលាំងរួបរួមសាមគ្គីរបស់ប្រជាពលរដ្ឋច្រើនកុះករនៅតាមសហគមន៍មូលដ្ឋានភូមិ ឃុំទាំងមូល ដើម្បីបន្តចូលរួមកាន់តែខ្លាំងក្លាថែមទៀត គាំទ្រចលនាជាតិ ស្ថិតក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធ គ្រប់គ្រងកូវីដ-១៩ និងការដោះស្រាយឱ្យបានរាល់ផលវិបាកនៃជំងឺដ៏កាចសាហាវនេះ ដើម្បីអនាគតរុងរឿងរបស់សង្គមជាតិ និងប្រជាជនយើងតជំនាន់ទៅមុខទៀត៕