(ភ្នំពេញ)៖ លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីថ្មីរបស់វៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១។

ប្រធានាធិបតីរបស់វៀតណាម នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

អំឡុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ លោក ង្វៀន ស៊ួនហ៊្វុក នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជា រួមទាំងចូលជួបមេដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ លោកក៏នឹងចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះសង្ឃរាជទាំង២ គណៈនិកាយផងដែរ។

បន្ថែមពីនេះ លោកប្រធានាធិបតីវៀតណាម និង សម្តេច ហេង សំរិន នឹងធ្វើជាអធិបតីរួមគ្នា ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីនៅវិមានរដ្ឋសភា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមក្នុងទឹកប្រាក់ប្រមាណ ២៥លានដុល្លារទៀតផង។

លោកប្រធានាធិបតីវៀតណាម ក៏នឹងអញ្ជើញទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ ទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា និងទៅគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាមផងដែរ។

លោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) ត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតតែងតាំង ជាប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង កាលពីថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។ លោកជាអតីតនាយករដ្ឋមន្ត្រីរបស់វៀតណាម តាំងពីឆ្នាំ២០១៦៕