(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ម្ចាស់មេដាយមាស វគ្គជម្រុះកីឡាអូឡាំពិករដូវក្តៅ Rio 2016 នឹងធ្វើដំណើរមកដល់កម្ពុជាវិញនាម៉ោង ១៖០០នាទីរសៀលនេះ មុនធ្វើដំណើរទៅជួបសំណេះសំណាលជាមួយប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោង ខុន នៅទីស្នាក់ការ NOCC ថ្ងៃនេះដូចគ្នា។

តាមរយៈគេហទំព័ររបស់ NOCC បានបញ្ជាក់ថា កីឡាការិនីទម្ងន់លើសពី ៦៧គីឡូក្រាម ស៊ន សៀវម៉ី នឹងមកដល់ កម្ពុជាវិញម៉ោងប្រមាណ១៖០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០១៦ នេះ ហើយនឹងធ្វើដំណើរភ្លាមៗ ទៅជួប សំណេះសំណាលជាមួយនឹងប្រធាន NOCC លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជុំវិញកញ្ញាឈ្នះបាន មេដាយមាស នៅប្រទេសហ្វីលីពីន និងកក់កៅអីមួយនៃការប្រកួតកីឡាអូឡាំពិករដូវក្តៅ Rio 2016 នាពេលខាងមុខ ផងដែរ ក្រោយរង់ចាំអស់រយៈពេលជាង៦០ឆ្នាំមកនេះ។

សៀវម៉ី បានបង្កើតប្រវត្តិសាស្រ្តថ្មី នាដើមឆ្នាំ២០១៦ តាមរយៈឆ្លងផុតវគ្គជម្រុះកីឡាអូឡាំពិក និងឈ្នះមេដាយមាស ១គ្រឿងផងដែរ មុនពេលឈ្នះមេដាយប្រាក់១គ្រឿងទៀត នៃការប្រកួតកីឡាតេក្វាន់ដូនៅប្រទេសហ្វីលីពីន ទម្ងន់លើស ៦៧គីឡូក្រាម ខណៈដែលមិត្តរួមជាតិ ឈឿង ពុទ្ធារីម បានឈ្នះមេដាយសំរឹទ្ធ១គ្រឿង នៅហ្វីលីពីនដូចគ្នាក្នុង ព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ប្រចាំទ្វីបអាស៊ី ក្រោយប្រកួតចាញ់កីឡាការិនីថៃនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ ថ្ងៃទី១៩ ខែមេសា ។

សូមបញ្ជាក់ផងដែរថា ឆ្លងតាមការប្រកួតជម្រុះកីឡាអូឡាំពិក Rio 2016 រយៈពេល២សប្តាហ៍មកនេះនៅប្រទេស ហ្វីលីពីន គឺមានអត្តពលិកមកពី១០ប្រទេសក្នុងទ្វីបអាស៊ី បានកក់កៅអីឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រនៃ Olympic Games 2016 នៅប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ខាងមុខ ក្នុងនោះក៏មានកម្ពុជាផងដែរ៕