(កំពត)៖ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ០១៦នេះ បានបន្តដឹកនាំ​កម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ​ជាច្រើន ដឹកជញ្ជូន​ទឹក​​យក​ទៅផ្គត់ផ្គង់ជូន​​ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ នៅក្នុង​ភូមិបឹង​សាលា​ខាងជើង ស្រុកកំពង់ត្រាច ដែលកំពុង​ខ្វះខាតសម្រាប់ ប្រើប្រាស់​ប្រចាំថ្ងៃ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍​ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា «នៅព្រឹកនេះ កម្លាំងស្នងការដ្ឋានបាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ចំនួន ០១​គ្រឿង សហការជាមួយ អ.ហ ខេត្ត ដឹកនាំដោយលោកអភិបាលខេត្ត បានចុះដឹកទឹកស្អាត​ជូនប្រជាពលរដ្ឋ​ ប្រមាណ១,០០០គ្រួសារ»

បើតាមលោកស្នងការ សម្រាប់ការចែកចាយទឹក​ជូនប្រជាពលរដ្ឋ នៅស្រុក​កំពង់ត្រាច​នេះ អាចនឹងធ្វើឡើង​រយ:ពេល២ ទៅ៣​ថ្ងៃ រួច​នឹងបន្ត​ដឹកទឹក យកទៅផ្គត់ផ្គង់​នៅស្រុកផ្សេងៗទៀត ដែលកំពុង​ជួបបញ្ហានេះដែរ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ លោកអភិបាលខេត្ត​ក៏បានដឹកនាំកម្លាំង​សមត្ថកិច្ច ដឹកទឹកយក​ទៅឲ្យប្រជាពលរដ្ឋ នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពតផងដែរ៕