(ភ្នំពេញ)៖ ដូចការគ្រោងទុក លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានចូលខ្លួនទៅបំភ្លឺនៅ សាលាដំបូងរាជធានី ភ្នំពេញ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះ ពាក់ព័ន្ធនឹងដំណើររឿង ក្លែងបន្លំលិខិត និងផ្ដល់ព័ត៌មានមិនពិត។

លោកប៉ាវ ស៊ីណា បានប្រាប់អង្គភាព Fresh News នៅព្រឹកនេះថា លោក ចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការ ឃ្លាំមើលពី សហជីព និងមន្រ្តីអង្គការសង្គមស៊ីវិល ប្រមាណជាជិត២០នាក់។ ប៉ុន្តែ គ្មានការតវ៉ាពីសំណាក់កម្មករ កម្មការិនី នៅមុខ សាលាដំបូងរាជធានីភ្នំពេញឡើយ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ។

លោក ប៉ាវ ស៊ីណា បានបន្តថា «ខ្ញុំបានត្រៀមឯកសារជាមួយមេធាវីរួចរាល់ហើយ សម្រាប់ការចូលបំភ្លឹនៅព្រឹកនេះ ក្រៅពីឯកសារខ្ញុំក៏មាន ការសហការពីកម្មករ កម្មការិនីមួយចំនួនទៀត ចូលរួមធ្វើជាសាក្សីផងដែរ។ខ្ញុំគិតថា បណ្តឹងពាក់ព័ន្ធនឹងដំណើររឿងក្លែងបន្លំលិខិត និងផ្ដល់ ព័ត៌មានមិន ពិត លើរូបខ្ញុំនៅពេលនេះ គឺជាការរៀបចំ និងជាចេតនាបំបាក់ស្មារតីរូបខ្ញុំ តែប៉ុណ្ណោះ»

កន្លងមក  ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មកររូបនេះ បានអះអាងថា ​បទចោទរបស់លោកស្តីពីការក្លែងឯកសារ លិខិត និងផ្តល់ ព័ត៌មាន មិនពិត គឺគ្រាន់តែជាបទចោទលើការសរសេរឯកសារ ខុសអក្ខរវិរុទ្ធតែប៉ុណ្ណោះមិនមាន​អ្វីធ្ងន់ធ្ងរឡើយ។

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ធ្លាប់បានពន្យារពេលការចូលបំភ្លឺ លើបណ្តឹង ក្លែងបន្លំលិខិត និងផ្ដល់ ព័ត៌មាន មិនពិតនេះ ចំនួនពីរលើករួចមកហើយ លើកទីមួយ គឺស្នើតុលាការឲ្យពន្យារពេល ការកោះហៅ ក្រោមហេតុផលថា ដីកាកោះហៅនោះ ខុសនីតិវិធី។ សម្រាប់ដីកាកោះហៅលើកទីពីរ កាលពីថ្ងៃទី៧ខែមេសា  ត្រឹមត្រូវតាមនីតិវិធី និងអាចទទួលយកបាន ប៉ុន្តែ លោកមាន ភារកិច្ចរវល់នៅមុនពេលចូលឆ្នាំ ទើបស្នើពន្យារពេល ចូលបំភ្លឺមកក្រោយចូលឆ្នាំវិញ ពោលគឺ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ។

រហូតមកដល់ពេលនេះ លោក ប៉ាវ ស៊ីណារងនូវបណ្តឹង ចំនួន៦ ករណីហើយ បណ្តឹងទីមួយ ករណីបង្កហិង្សា នៅផ្លូវវេងស្រេង ករណីទីពីរ ការតវ៉ា បិទផ្លូវនៅខេត្តស្វាយរៀង ករណីទីបី ការញុះញ៉ុងឲ្យមានការតវ៉ា នៅកំពង់ស្ពី និងករណីទី៤ ការក្លែងឯកសារ លិខិត និងផ្តល់ ព័ត៌មាន មិនពិត និងករណីទី៥ និងទី៦ ពីគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា  ដោយចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ប្រមាថអ្នករាជការសាធារណៈ និងបិទផ្លូវសាធារណៈ៕