Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការ​គូសគំនូស​ចរាចរណ៍ថ្មី លើមហាវិថីមួយចំនួន នៅពេលយប់ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង៦ព្រឹក

21-04-2016 09:14

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្តី​ជូនដំណឹងមួយ ស្តីពីការគូស​គំនូសចរាចរណ៍​ថ្មី លើមហាវិថីមួយចំនួនក្នុង រាជធានីភ្នំពេញ ក្នុងគោល​បំណង ដើម្បីលើកម្ពស់​សោភ័ណភាព និងដើម្បីរៀប​ចំ​សណ្តាប់ធ្នាប់ ចរាចរណ៍តាមដងផ្លូវ។

សាលារាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីបញ្ចៀស​បានជាអតិបរមា នូវផលប៉ះពាល់នានា និងដើម្បីដោះ​ស្រាយបញ្ហាការ​កកស្ទះចរាចរណ៍​តាមដងផ្លូវ ការអនុវតន៍គូសគំនូសចរាចរណ៍ថ្មីនេះ ត្រូវចាប់ផ្តើម​នៅពេល​ចាប់ពី​៩៖០០នាទីយប់ ដល់ម៉ោង ៦៖០០នាទីព្រឹក ហើយត្រូវចាប់ផ្តើមពីថ្ងៃទី២៣ ខែមេសា ចំពោះមហាវិថីម៉ៅសេងទុង និងមហាវិថីព្រះសីហនុ។ ចំពោះមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីកម្ពុជាក្រោម និងមហាវិថីព្រះនរោត្តម ចាប់ផ្តើមចាប់ពីថ្ងៃទី១៩ ខែមេសាតទៅ។

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះផងដែរ សាលារាជធានីភ្នំពេញ ប្រជុំពិភាក្សាក្នុងការដោះស្រាយការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីលោកស្នងការក្រុង មន្ត្រីចរាចរាណ៍ មន្ត្រីជំនាញពាក់ព័ន្ធ និងចៅហ្វាយខណ្ឌទាំង១២។

លោកអភិបាលរាជធានី បានទម្លាក់ការទទួលខុសត្រូវមួយផ្នែក ដើម្បីឲ្យចៅហ្វាយខណ្ឌ ចូលរួមថែរក្សា និងទទួលខុសត្រូវ ចំពោះចំណុចភ្លើងស្តុប ដែលមាននៅក្នុងមូលដ្ឋានរៀងៗខ្លួនផងដែរ ជាពិសេសស្នើដល់ចៅហ្វាយខណ្ឌទាំងអស់ ចូលរួមដោះស្រាយការកក និងសម្រួលស្ទះចរាចរណ៍ ។ លោក ប៉ា សុជាតិវង្ស បានឲ្យចៅហ្វាយខណ្ឌ ត្រូវចុះស្តារ អណ្តូងលូឲ្យបានមុនរដូវភ្លៀងធ្លាក់៕