(សៀមរាប)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ដល់យុវសិស្ស ១៦២នាក់ មកពីវិទ្យាល័យហ៊ុន សែន ដំដែក ស្រុកសូទ្រនិគម វិទ្យាល័យជីក្រែង និងវិទ្យាល័យស្រុកស្វាយលើ ខេត្តសៀមរាប។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងលោកស្រី សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្សនៃកាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីប្រធានកិត្តិយសអនុសាខា អាជ្ញាធរស្រុកទាំងបី និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកចូលរួមផងដែរ។

លោកស្រី សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្សនៃកាកបាទក្រហមកម្ពុជា ក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានកោតសរសើរ ចំពោះស្មារតីចូលរួមរបស់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងសកម្ម ជាមួយអាជ្ញាធរមូលដ្ឋាន ហើយក៏មិនមានបង្កការឆ្លងដល់ក្មួយៗណាម្នាក់ឡើយ។

លោក គុជ លីណា បានលើកឡើងថា ដោយក្នុងរយៈពេលមួយឆ្នាំមកនេះ កម្ពុជា បានជួបវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង។ ទោះបីជាជួបនូវផលវិបាកយ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះដោយជំងឺកូវីដ-១៩ សំខាន់នៅក្នុងខេត្តសៀមរាប ក្មួយៗយុវជនកាកបាទក្រហម បានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ ក្នុងការចុះចែកស្បៀងដល់ប្រជាពលរដ្ឋជួបការខ្វះខាតនៅតាមមូលដ្ឋាន។

គួររំលឹកផងដែរ យុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និងជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ដូច្នេះត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាព ក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ព្រមទាំងចូលរួម ក្នុងការផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅក្នុងសាលា និងសហគមន៍ ក្នុងសកម្ម ភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហគមន៍របស់ខ្លួន និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះគោរពច្បាប់ចរាចរណ៍៕