(ភ្នំពេញ)៖ នគរបាលអន្តោប្រវេសន៍​រាជធានីភ្នំពេញ សហការជា​មួយនគរបាល​ខណ្ឌមានជ័យ បានចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន បុរសជនជាតិ​នីហ្សេរី​យ៉ា២នាក់ និងស្រ្តី​ជនជាតិវៀតណាម​ម្នាក់ ត្រង់ចំនុច​ផ្ទះសំណាក់មួយ ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ដោយសង្ស័យថាពួកគេរស់នៅគ្មានច្បាប់។

យោងតាមភ្នាក់ងារ Fresh News បានឱ្យដឹងថា ជនជាតិនីហ្សេរីយ៉ា២នាក់​នោះម្នាក់​មានលិខិតឆ្លងដែន​នៅមានសុពលភាព និងម្នាក់ទៀត​​អស់សុពលភាព ស្នាក់នៅក្នុងបន្ទប់មួយរួមគ្នា។ ចំណែកស្រ្តី​ជនជាតិវៀតណាមវិញ គ្មានលិខិតឆ្លងដែនទេ ស្នាក់ក្នុងបន្ទប់មួយផ្សេងទៀត។

ក្រោយពីធ្វើការឃាត់ខ្លួនហើយ នគរបាលអន្តោប្រវេសន៍ បានបញ្ជូនជនបរទេសទាំង៣នាក់ខាងលើ ទៅអគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍ ដើម្បីរង់ចាំចាត់ចែង​តាម​នីតិវិធី​ច្បាប់បន្តទៀត៕