សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យយុវជនជំនាន់នេះ ចូលរួមហ្វឹកហាត់ក្បាច់គុន ដើម្បីចែកចាយដល់អ្នកជំនាន់ក្រោយ
20-04-2016 16:53
(ភ្នំពេញ)៖ នៅលើទំព័រ Facebook នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យយុវជនខ្មែរជំនាន់នេះ ចូលរួមការពារ និងហ្វឹកហាត់ក្បាច់គុន ដើម្បីចែករំលែកសម្រាប់យុវជនខ្មែរជំនាន់ក្រោយ។
សម្តេចតេជោ បានលើកឡើងថា «យើងមានមោទនភាពខ្លាំងណាស់ ចំពោះក្បាច់គុនខ្មែរល្បុក្កតោដ៏ល្បី ដែលបន្សល់ទុកដោយបុព្វបុរសយើង។ សូមយុវជនចូលរួមថែរក្សា ការពារ និងហ្វឹកហាត់ ដើម្បីចែករំលែកបន្តដល់យុវជនជំនាន់ក្រោយ»។
សូមបញ្ជាក់ថា កូនប្រុសទាំង៣ របស់សម្តេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានី និង លោក ហ៊ុន ម៉ានិត ក៏ធ្លាប់ជាអ្នកហាត់ក្បាច់គុនផងដែរ កាលពីនៅវ័យកុមារ។ នេះបើតាម លោកឧត្តសេនីយ៍ ម៉ក់ សំអុល អនុប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ។
លោកថា បុត្រាទាំង៣ របស់សម្ដេចតេជោ ហ៊ុន ម៉ាណែត, ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត គឺជាអ្នកដែលមានកាយសម្បទាមាំមួនណាស់ ព្រោះពួកគេហ្វឹកហាត់ក្បាច់គុន តាំងពីនៅវ័យកុមារមកម្ល៉េះ ពិសេស ក្បាច់គុនតេក្វាន់ដូ ដែលជាក្បាច់គុនមានដើមកំណើត មកពីប្រទេសកូរ៉េខាងត្បូង៕